ដោយ រ៉ាវី
ភ្នំពេញ៖ ពិតជារឿងគួរឲ្យមោទនភាព ដែលត្រឹមរយៈពេល៥ឆ្នាំ (២០១៣ដល់ ឆ្នាំ២០១៧) កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជា២៣,៤៨០លានដុល្លារ ក្នុងនោះមានមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកធ្វើការវិនិយោគថ្មីៗបន្ថែមរហូតដល់៩៧០គម្រោង និងផ្តល់ការងារបានចំនួន៩៦,៨០៩កន្លែងបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញឲ្យដឹងថា គម្រោងវិនិយោគទាំង៩៧០គម្រោង ផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោង ដោយបានបោះទុនវិនិយោគ៧,៣១៦,៧០លានដុល្លារ ស្មើនឹង៣១%នៃទុនវិនិយោគសរុប។ វិស័យកសិកម្មនិងកសិឧស្សាហកម្មមាន៧៨គម្រោង មានទុនវិនិយោគ២,៧៥០,៤៧លានដុល្លារ ស្មើ១២%នៃទុនវិនិយោគសរុប។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមាន៤៤គម្រោង និងបានបោះទុនវិនិយោគ៨,១៤៧.៩៥លានដុល្លារ ស្មើនឹង៣៥ភាគរយនៃទុនវិនិយោគសរុប និងវិស័យទេសចរណ៍មាន៣៧គម្រោង បោះទុនវិនិយោគ៥,២៦៤,៨៦លានដុល្លារ ស្មើនឹង២២ភាគរយនៃទុនវិនិយោគសរុប។







