ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ដើម្បីលើកទឹកចិត្តដល់បុគ្គលិក និងប្រធានក្រុមលក់ ដែលខិតខំក្នុងការលក់ដីឡូត៏លំនៅដ្ឋាន ក្រុមហ៊ុន LDG LD Property Investment បានផ្ដល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមនូវរង្វាន់ជាដីឡូត៍ ដែលជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LDG LD Property Investment លោក ពៅ លីដា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការផ្ដល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើម និងប្រធានក្រុមលក់នាពេលនេះ គឺសម្រាប់បុគ្គលិកដែលមានការខិតខំប្រឹងប្រែង សហការគ្នាជាក្រុមបានល្អ ក្នុងការបង្កើតសម្មិតផលលក់ជាបន្តបន្ទាប់។ដោយយើងមិនផ្ដោតលើការលក់បានច្រើនទេ នៅក្នុងអំឡុងកូវីដ១៩នេះ ពីព្រោះដូចបានដឹងហើយថា អ្នកណាក៏មានផលប៉ះពាល់ដែរ នៅក្នុងដំណាក់កាលនេះ ។
លោកបន្តថា “រង្វាន់លើកទឹកចិត្តដែលក្រុមហ៊ុន ផ្ដល់ជូនបុគ្គលិកនៅពេលនេះ គឺជាដីឡូត៏ ដោយបុគ្គលិកឆ្នើមមួយរូបៗ ទទួលបានជាដីមួយឡូត៍”។
លោកបានបន្តថា ទីផ្សារដីឡូត៏នៅក្នុងវិបត្តិកូវីដ១៩នេះ ជួបបញ្ហាដូចគ្នា ប៉ុន្តែផលប៉ះពាល់នៃវិស័យអចលនទ្រព្យ មិនប៉ះពាល់ខ្លាំងដូចវិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍ និងពាណិជ្ជកម្មនោះទេ ។
លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅពេលនេះ ជាពិសេសវិស័យដីឡូត៏នេះ គឺកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងពេលដែលអ្នកជំនួញក្នុងវិស័យដីធ្លីកាន់តែច្រើន”។
លោកបន្ថែមទៀតថា ទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏វិស័យដីឡូត៏ នៅកម្ពុជានៅតែទទួលបានការទិញលក់ធម្មតា គ្រាន់តែមិនសូវមានសកម្មភាពខ្លាំងដូចនឹងមុនពេលមានវិបត្តិកូវីដ១៩ ៕