អ្នកជំនាញៈ ការលក់ទិញលំនៅដ្ឋាននិងដីធ្លីនៅជាយក្រុងនៅតែមានសកម្មភាពប្រសើរក្នុងអំឡុងពេលបច្ចុប្បន្ន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា សកម្មភាពទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយនៅរាជធានីភ្នំពេញនៅតែមានកើនឡើងបន្តបន្ទាប់ ដែលវាបង្ហាញពីសញ្ញាល្អមួយល្អសម្រាប់វិស័យអចលនទ្រព្យ ខណៈវិបត្តិកូវីដ១៩ នៅតែបង្កផលប៉ះពាល់វិស័យមួយនេះ។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា ចលនានៃការទិញលក់អចលនទ្រព្យនៅតំបន់ជាយក្រុងភ្នំពេញ ពិសេសលំនៅដ្ឋាន និងដីធ្លីនៅតែកម្រើកឡើង ប៉ុន្តែមិនសន្ទុះខ្លាំងដូចមុនវិបត្តិកូវីដ១៩នោះទេ។

លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដី នៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញមានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន។

លោកបានលើកឡើងថា “លំនៅដ្ឋាន និងដីមានសន្ទុះឡើងវិញខ្លាំងជាងគេនៅជាយក្រុងគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យ”។ លោកបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ធ្លាប់ថ្លែងប្រាប់ថា វិនិយោគិនភាគច្រើនសម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ អំឡុងពេលពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់មួយរយៈពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here