ដោយ សុខុម
គូឡាឡាំពួ: សន្ទស្សន៍ Asia Pacific Capital Tracker របស់ក្រុមហ៊ុនអចលនទ្រព្យអង់គ្លេស JLL បង្ហាញថា ទំហំវិនិយោគលើអចលនទ្រព្យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឈានដល់៨៣,៥ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២១ ដោយកើនឡើង៣៩%។
យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីសប្ដាហ៍មុនឱ្យដឹងថា កំណើននៃការនិយោគផ្នែកភ័ស្តុភារ & ឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយឆ្លុះបញ្ចាំងពីការងើបឡើងនៃទីផ្សារមូលធនក្នុងតំបន់។ ទំហំវិនិយោគពីខែមករា ដល់ខែមិថុនា ឆ្នាំនេះបានធ្លាក់ចុះ៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ជាពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។
ប្រទេសចិន អូស្ត្រាលី និងកូរ៉េខាងត្បូង មានចំណែកដល់ទៅ៦៩%នៃទំហំវិនិយោគសរុប ខណៈសកម្មភាពនៅប្រទេសជប៉ុន កាន់តែខ្សោយជាងមុនដោយសារផលប៉ះពាល់បង្កឡើងដោយវិបត្តិកូវីដ-១៩។
ការវិភាគរបស់ក្រុមហ៊ុន JLL អំពីរំហូរមូលធនក្នុងឆមាសទី២ ឆ្នាំ២០២១ បង្ហាញថា ការវិនិយោគលើការិយាល័យមានចំណែក៣១% ការវិនិយោគលើភ័ស្តុភារ & ឧស្សាហកម្មមានចំណែក៣០% ហើយការវិនិយោគលើវិស័យលក់រាយមានចំណែក៣០%។
ការវិនិយោគលើភ័ស្តុភារ និងឧស្សាហកម្មបានកើនឡើង២១៥%ក្នុងត្រីមាសទី២ ដល់១៥ពាន់លានដុល្លារអាមេរិក ហើយកំណើននោះត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជា ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ក្នុងតំបន់ និងមហិច្ឆតារបស់បណ្ដាវិនិយោគិនដែលចង់ធ្វើពិពិធកម្មអាជីវកម្មដោយការហក់ចូលប្រឡូកក្នុងប្រភេទទ្រព្យសកម្មដែលមានភាពធន់ទ្រាំជាងនេះជាដើម។
ប្រតិបត្តិការធំៗរួមទាំងការសកម្មភាពរបស់ក្រុមហ៊ុន ESR នៅក្នុងការទិញយកភាគហ៊ុនក្នុងក្រុមហ៊ុន Milestone ពីក្រុមហ៊ុន Blackstone នៅប្រទេសអូស្ត្រាលី ផងនោះបានឆ្លុះបញ្ចាំងពីកំណើនតម្រូវការទ្រព្យសកម្មភ័ស្តុភារគុណភាពខ្ពស់ និងឧស្សាហកម្មនៅក្នុងតំបន់។
លោកស្រី YY Lau ប្រធានក្រុមហ៊ុន JLL Property Services ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងថា “ដូចគ្នានេះដែរ នៅម៉ាឡេស៊ី តម្រូវការឃ្លាំងស្តុកទំនិញកើនឡើងខ្ពស់ដែលជំរុញដោយកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) និងការកើនឡើងសកម្មភាពផលិតដោយសារតម្រូវការទំនិញកើនឡើងទូទាំងពិភពលោក ជាពិសេសផលិតផលអគ្គិសនី និងអេឡិចត្រូនិច (E&E)។ វិនិយោគិនជាច្រើនរួមទាំងក្រុមហ៊ុន REITs ផងកំពុងតែធ្វើពិពិធកម្មអាជីវកម្មតាមរយៈភាគហ៊ុនអចលនទ្រព្យរបស់ពួកគេដើម្បីហក់ចូលក្នុងវិស័យនេះ ព្រោះលទ្ធផលបង្ហាញថា វាជាទ្រព្យសកម្មដែលធន់ទ្រាំបំផុតអំឡុងវិបត្តិកូវីដ-១៩”។
ទន្ទឹមនេះ តម្រូវការការិយាល័យក៏មានភាពប្រសើរឡើងដែរនៅតាមទីក្រុងភាគច្រើន ដោយឈានដល់ទំហំ១៥,៥ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២។ បណ្ដាវិនិយោគិនមានទំនុកចិត្តដោយសារទីផ្សារការិយាល័យក្នុងសង្កាត់ពាណិជ្ជកម្មរបស់អូស្រ្តាលី ខណៈការជួលការិយាល័យនៅប្រទេសសិង្ហបុរី និងក្រុងសៀងហៃ ចាប់ផ្ដើមមានភាពប្រសើរឡើង។
ប្រតិបត្តិការលក់ក្រុមហ៊ុនសាជីវកម្ម ហើយជួលត្រលប់ទៅវិញក៏បានកើនលើសទំហំ១០%ដែរនៅក្នុងឆមាសទី១ ឆ្នាំ២០២១ ដោយកើនឡើងពីកម្រិតមធ្យម៧%ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ យោងតាមក្រុមហ៊ុន JLL ឱ្យដឹងថា និន្នាការនេះហាក់មានសន្ទុះកើនឡើងនៅប្រទេសជប៉ុន ចាប់តាំងពីផ្ទុះការរីករាលដាលនៃវីរុសកូវីដ-១៩ មក។ ដូចគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មនានារបស់អូស្រ្តាលី បានងាកទៅលក់ទ្រព្យសកម្មរបស់ខ្លួន ហើយជួលត្រលប់វិញដើម្បីយកប្រាក់ទៅវិនិយោគលើអាជីវកម្មស្នូល៕