ដោយៈសុខុម
ញូវដេលី: រូបិយប័ណ្ណនៃប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនឆាប់រហ័សភាគច្រើនក្នុងតំបន់អាស៊ី បានហក់ ឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា នេះទល់នឹងរូបិយប័ណ្ណដុល្លារអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា រូបិយប័ណ្ណដុល្លារអាមេរិក បានធ្លាក់ថ្លៃក្រោយពីធនាគារកណ្ដាលរបស់សហរដ្ឋអាមរិក (Federal Reserve) បានឱ្យសញ្ញាថា ការដំឡើងអត្រាការប្រាក់ និងការកាត់បន្ថយជំនួយសង្គ្រោះសេដ្ឋកិច្ច នឹងមិនធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។
លោកJerome Powell ប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងសន្និសីទសារព័ត៌មានបានថ្លែងថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិក នៅតែត្រូវការពេលវេលាខ្លះដើម្បីងើបឈរឡើងវិញ មុននឹងដល់ពេលដកចេញវិធានការគាំទ្រសេដ្ឋកិច្ច ក្នុងគ្រាអាសន្ន។
អ្នកជំនាញខាងធ្វើយុទុ្ធសាស្ត្រ ប្រចាំធនាគារកាណាដា Scotiabank បានលើកឡើងថា “ការហក់ឡើងនូវតម្លៃរូបិយប័ណ្ណក្នុងអាស៊ីអាគ្នេយ៍ថ្ងៃនេះ ប្រហែលជាដោយសារតែធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងសារព័ត៌មានដែលចុះផ្សាយថា គណៈកម្មការមូលបត្រ និងនិយ័តកម្មចិន (CSRC) បានរៀបចំកិច្ចប្រជុំមួយជាមួយបណ្ដាធនាគារវិនិយោគធំៗ”។
ប្រភពបានទម្លាយឱ្យដឹងថា និយ័តករមូលបត្ររបស់ប្រទេសចិន រៀបចំកិច្ចប្រជុំតាម Video Conference មួយកាលពីយប់ថ្ងៃពុធ ទី២៨ កក្កដា ជាមួយក្រុមនាយកប្រតិបត្តិ នៃធនាគារវិនិយោគកំពូលៗ ទូទាំងពិភពលោក ដើម្បីរម្ងាប់ស្ថានភាពជ្រួលច្របល់ក្នុងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីមានការលក់ចេញ យ៉ាងគំហុកនូវភាគហ៊ុនចិន នៅសប្តាហ៍នេះ។ ព័ត៌មាននេះ បានធ្វើឲ្យមានហានិភ័យ ក្នុងតំបន់និងក្នុងតំបន់អាស៊ីអាគ្នេយ៍។
សេចក្ដីរាយការណ៍ព័ត៌មានមួយក៏បានលាតត្រដាងដែរថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តអនុញ្ញាតឱ្យក្រុមហ៊ុននានា ធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈ លើកដំបូង (IPOs) នៅក្នុងសហរដ្ឋអាមេរិក ឱ្យតែក្រុមហ៊ុនទាំងនោះ គោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការចុះបញ្ជី។
តម្លៃរូបិយប័ណ្ណយ័ន របស់ចិន បានហក់ឡើង០,២% ខណៈរូបិយប័ណ្ណវ៉ុន របស់កូរ៉េខាងត្បូង បានហក់ឡើងដល់ទៅ០,៩% ដែលឈានមុខគេក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀតនៅក្នុងតំបន់។
តម្លៃភាគហ៊ុននៅក្នុងប្រទេសចិន ក៏បានហក់ឡើង១,៤%ដែរ ក្រោយមានការសម្រុកលក់ចេញភាគហ៊ុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ភាគហ៊ុននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានហក់ឡើង០,៣% ខណៈភាគហ៊ុននៅប្រទេសថៃ ធ្លាក់ចុះ។
ភាគហ៊ុននៅកោះតៃវ៉ាន់ បានហក់ឡើង១% ដែលជាការហក់ឡើងខ្ពស់បំផុតរបស់ខ្លួននៅមុនពេលកោះនេះ បញ្ចេញទិន្នន័យស្តីពីផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំត្រីមាសទី២ របស់ខ្លួនដែលគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រនេះ៕