ដោយៈ តារា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការបិទខ្ទប់ខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាល់ដាលនៃមេរោគកូវីដ១៩ របស់រាជរដ្ឋាភិបាល អាចនឹងបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចបន្តិចបន្ទួច ខណៈលំហូរទំនិញឬការធ្វើអាជីវកម្មនៅក្រៅតំបន់បិទខ្ទប់នៅដំណើរការជាធម្មតា។
ទាក់ទងនឹងការបិទខ្ទប់ភូមិសាស្រ្ត ខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាល់ដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ Delta លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធនឹងការបិទខ្ទប់របស់រាជរដ្ឋាភិបាល ចំពោះខេត្តដែលនៅជាប់ព្រំដែនថៃ និងខេត្តមួយចំនួនដែលប៉ះពាល់ គឺជាការបិទខ្ទប់ចំពោះការចរាចរមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលធ្វើការឆ្លងកាត់ពីប្រទេសថៃចូលមកកម្ពុជា ក្នុងនោះចំពោះការបិទខ្ទប់នេះ អាចនឹងបិទតំបន់មួយចំនួន ក្នុងរណីរកឃើញការឆ្លង ដោយអនុវត្តន៍ទៅតាមតំបន់លឿង តំបន់ក្រហម និងតំបន់លឿងទុំ។
លោកបណ្ឌិត បានថ្លែងបន្តថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ពួកគាត់ភាគច្រើនរស់នៅតាមតំបន់ជនបទ ប្រសិនក្នុងករណីរកឃើញការឆ្លង អាជ្ញាធរអាចនឹងបិទខ្ទប់តែតំបន់ទាំងនោះ ដូច្នេះចំពោះតំបន់មិនមានការប៉ះពាល់ ការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬតាមទីប្រជុំជននៅដំណើរការជាធម្មតា ក្នុងនោះចំពោះលំហូរទំនិញ ឬការដឹកជញ្ជូនទំនិញផ្សេងៗពីមូលដ្ឋាន ឬពីព្រំដែន សម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារ នឹងចរាចរជាធម្មតា ក្នុងករណីមិនមានការឆ្លងនៃជម្ងឺកូវីដ-១៩ នេះ។
ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) គឺជាការសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង”។
ក្នុងនោះចំពោះភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ឬភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ប្រភេទដែលតា (Delta), អភិបាលនៃគណៈអភិបាលខេត្ត នៃខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវកំណត់ភូមិសាស្ត្រនោះជា “តំបន់ក្រហម” ឬ “តំបន់លឿងទុំ” អាស្រ័យទៅតាមកម្រិតនៃការឆ្លងរាលដាលនៃមេរោគប្រភេទដែលតា (Delta) នេះ។
គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ នឹងដាក់ចេញនូវវិធានការ ហាមឃាត់ ឬវិធានការរឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរនានាជាដើម ៕