ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បី Bloomberg បានឲ្យដឹងថា ប្រទេសសឹង្ហបុរីបានប្រកាសនាពេលថ្មីៗនេះថា វិធានការនានាពាក់ព័ន្ធនឹងទីផ្សារលំនៅដ្ឋានប្រណីត អាចនឹងធ្វើអោយផលប៉ះពាល់ ដល់អ្នកស្វែងរកទិញអចលនទ្រព្យលំនៅដ្ឋានប្រណិតក្នុងប្រទេសឹង្ហបុរី។
លោក Christine Li ប្រធានស្រាវជ្រាវជ្រាវប្រចាំសឹង្ហបុរីនៃក្រុមហ៊ុន Cushman & Wakefield Inc បានប្រាប់សារព័ត៌មាន Bloomberg ថា អ្នកទិញបរទេសជាច្រើនកំពុងសម្លឹងមើលទីផ្សារលំនៅដ្ឋានប្រណីត ក្នុងប្រទេសសឹង្ហបុរីកាលពីឆ្នាំកន្លងទៅនេះ ប៉ុន្តែពួកគេអាចនឹងបកក្រោយវិញនាពេលបច្ចុប្បន្ននេះ ដោយសារតែវិធានការរបស់រដ្ឋាភិបាលមួយចំនួន ដែលអាចធ្វើអោយមានការធ្លាក់ចុះទីផ្សារលំនៅដ្ឋានប្រណីតពី៣០ ទៅ៤០ភាគរយ សម្រាប់ត្រីមាសបន្ទាប់ទៀត។
ជាមួយគ្នានេះរដ្ឋាភិបាលសឹង្ហបុរីបានប្រកាសដំឡើងពន្ធបន្ថែ មលើអ្នកទិញជាជនបរទេស (Additional Buyer’s Stamp Duty) (ABSD) ពី១៥ ទៅ២០ភាគរយ និងលើអ្នកទិញលំនៅដ្ឋានទំាងអស់ពី១៥ ភាគរយទៅ២៥ភាគរយ។
សារព័ត៌មាន Bloomberg បានរាយការណ៍ផងដែរថា អ្នកទិញនៅក្រៅប្រទេសចំនួន៣ភាគរយ បានចុះកិច្ចព្រមព្រៀងទិញលំនៅដ្ឋានប្រណីត ក្នុងប្រទេសសឹង្ហបុរីកាលពីឆ្នាំមុន។ ក្រៅពីការកំណត់ទៅលើភារកិច្ច ក្នុងការបង់ថ្លៃព័ន្ឋខ្ពស់នោះ រដ្ឋាភិបាលក៏បានរឹតបន្តឹង ចំពោះការកំណត់ប្រាក់កម្ចីពីធនាគារផងដែរ ចំពោះការទិញលំនៅដ្ឋាន។
ក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងអាជ្ញាធររួបិយវត្ថុរបស់សឹង្ហបុរីបានចេញសេក្តីថ្លែងការណ៍ព្រមានរួមគ្នាថា រដ្ឋាភិបាលនឹងបន្តតាមដាន ទៅលើទីផ្សារអចនលទ្រព្យ និងការកែសម្រួលគោលនយោបាយជាចាំបាច់ ដើម្បីរក្សាបាននូវទីផ្សារអចលនព្រទ្យមួយប្រកបដោយចីរភាព។
រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា តម្លៃលំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង៣,៤ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។
លោក Ong Teck Hui នាយកផ្នែកស្រាវជ្រាវរបស់ JLL Singapore បាននិយាយថា ទោះបីជាមានគោនយោបាយតំឡើងពន្ឋ និងការកំណត់ផ្សេងៗនេះក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅតែស្ថិតនៅក្នុងការរីកចម្រើន។
លោកបន្តថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅតែមានកម្រិតរឹងមាំ ហើយប្រទេសសឹង្ហបុរី នៅតែរក្សាសមតុល្យលំនៅដ្ឋានឲ្យមានសុខភាពល្អ ស្របតាមលំហូរសាច់ប្រាក់”៕