អ្នកជំនាញសេដ្ឋកិច្ចៈរដ្ឋាភិបាលគួរវិនិយោគប្រេងកាតខ្លួនឯង ដើម្បីជម្រុញការ អភិវឌ្ឍវិស័យនេះ

0

ដោយៈតារា

ភ្នំពេញៈ
អ្នកជំនាញសេដ្ឋកិច្ចថា រាជរដ្ឋាភិបាលគួរវិនិយោគវិស័យប្រេងកាតខ្លួនឯង គឺជាក្រុមហ៊ុនរដ្ឋ ដើម្បីជម្រុញកាវិនិយោគលើវិស័យប្រេងនេះឲ្យបានជោគជ័យ ព្រោះវាជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលគួរតែអភិវឌ្ឍន៍បន្ត បន្ទាប់ពីក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធុន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ តាមរយៈទូរស័ព្ទស្តីពី ការអភិវឌ្ឍន៍ប្រេងការ នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ នេះថា  ការប្រកាសក្ស័យធុនរបស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យប្រេងកាតនៅតំបន់ប្លុកអេ (A) ដែលនៅក្នុងរយៈពេលនេះ វាគឺជាឱកាសសម្រាប់រាជរដ្ឋាភិបាល នៅក្នុងការវិនិយោគខ្លួនឯង។

លោកបន្តថា “រដ្ឋាភិបាលគួរបង្កើតជាក្រុមហ៊ុនរដ្ឋនៅក្នុងការវិនិយោគ ដើម្បីជម្រុញឲ្យកាវិនិយោគលើវិស័យប្រេងនេះបានជោគជ័យ ព្រោះវាជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលរកឃើញយូរណាស់មកហើយ ដូច្នេះរាជរដ្ឋាភិបាលមិនគួរឲ្យប្រវត្តិសាស្រ្តនេះបរាជ័យទៅវិញទេ”។

ជាមួយគ្នានេះ លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសឹង្ហបុរីប្រកាសក្ស័យធុន ចំពោះការអភិវឌ្ឍន៍តំបន់ប្លុកA របស់ក្រុមហ៊ុន KrisEnergy មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយ ដោយបច្ចុប្បន្នក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើងមក ។

កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការប្រកាសដំណក់ប្រេងលើកដំបូង នៅថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាល ប្រហែលបរាជ័យហើយ ដែលក្រុមហ៊ុន KrisEnergy គ្រោងបូមប្រេងក្នុងមួយថ្ងៃឲ្យបាន៥៧០០បារ៉ែល តែជាក់ស្តែងក្រុមហ៊ុនមួយនេះ  អនុវត្តការបូមប្រេងបានតែ១០០០បារ៉ែល ។

សម្តេចតេជោបន្តថា “ដោយសារកម្ពុជាមានប្លុកប្រេងជាច្រើន រាជរដ្ឋាភិបាលកំពុងខិតខំក្នុងការការរុករក ដើម្បីធ្វើអាជីវកម្មបន្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here