ក្រុមហ៊ុនNissan និងក្រុមហ៊ុនAESC សាងសង់រោងចក្រផលិតអាគុយរថយន្តទី២តម្លៃ៤៦០លានដុល្លារអាមេរិក

0

ដោយៈ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនផលិតរថយន្តNissan Motor Co បានបង្ហាញផែនការបោះទុនវិនិយោគដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តទី២ របស់ខ្លួនជាមួយនឹងសុទិដ្ឋិនិយមចំពោះតម្រូវការរថយន្តអគ្គិសនីដែលកើនឡើងជាលំដាប់។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។

យោងតាមឯកសារដែលផ្សាយដោយសារព័ត៌មាន Bloomberg បង្ហាញថា ក្រុមហ៊ុន Envision AESC និងក្រុមហ៊ុន Nissan នឹងរួមគ្នាដំណើរការរោងចក្រដែលនឹងត្រូវសាងសង់នៅខេត្ត Ibaraki នៅភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន នេះជាមួយនឹងទុនវិនិយោគដំបូងចំនួន៤៥៦លានដុល្លារអាមេរិក និងសមត្ថភាពផលិតអាគុយប្រចាំឆ្នាំកម្លាំង៦ជីហ្គាវ៉ាត់ម៉ោង (GWh)។

ផែនការដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ សីហា ស្អែកនេះរួមមានការចំណាយច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៩១២លានដុល្លារអាមេរិក និងការបង្កើនសមត្ថភាពផលិតឱ្យឈានដល់១៨ជីហ្គាវ៉ាត់ម៉ោង (GWh) នៅរយៈពេល៥ឆ្នាំក្រោយ ឬដែលល្មមគ្រប់គ្រាន់សម្រាប់រថយន្តអគ្គិសនី Nissan Leaf ចំនួន១៦៣.០០០គ្រឿងផងដែរ។

កាលពីខែមុន ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Envision AESC បានបង្ហាញពីផែនការបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) ដែលមានតម្លៃ១,៤ពាន់លានដុល្លារអាមេរិក នៅប្រទេសអង់គ្លេស។

ជាការកត់សម្គាល់ ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានចុះកិច្ចព្រមព្រៀងជាច្រើននៅក្នុងឆ្នាំ២០២១ នេះដើម្បីបង្កើនសមត្ថភាពផលិតអាគុយ ខណៈក្រុមហ៊ុនទាំងនេះព្យាយាមងាកចេញពីការផលិតរថយន្តដែលប្រើប្រេងឥន្ធនៈ។

តួយ៉ាង ក្រុមហ៊ុន Ford Motor Co និងក្រុមហ៊ុន SK Innovation Co របស់កូរ៉េខាងត្បូង កំពុងផលិតរថយន្តអគ្គិសនីនៅរោងចក្រចំនួន២នៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Volkswagen AG បានប្តេជ្ញាបោះទុនវិនិយោគរហូតដល់ទៅ២៩ពាន់លានដុល្លារអាមេរិក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla Inc របស់កំពូលមហាសេដ្ឋី Elon Musk។

ផែនការរបស់ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Envision AESC នៅក្នុងការសាងសង់រោងចក្រនៅខេត្ត Ibaraki ប្រទេសជប៉ុន នេះត្រូវបានសារព័ត៌មានជប៉ុន NHK ផ្សាយជាលើកដំបូងកាលពីខែឧសភា ដើមឆ្នាំនេះ។ យោងតាមឯកសារដដែលឱ្យដឹងថា លោក Ashwani Gupta នាយកប្រតិបត្តិក្រុមហ៊ុន Nissan នឹងអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកដំណើរការសាងសង់រោងចក្រនេះនៅថ្ងៃពុធ ស្អែកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here