ដោយៈ ប៊ី
ភ្នំពេញៈ ប្រមុខការទូតកម្ពុជាលោកប្រាក់ សុខុនបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងភាពជាដៃគូមេគង្គ-អាមេរិក ដើម្បីដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ដូច្នេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្នុងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ជាមួយ លោកអេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។
រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគតនិងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព”។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។
លោកបានថ្លែងបន្តថា សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារអាមេរិក។
លោកបានឱ្យដឹងទៀតថា កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ៕