ក្រសួងបរិស្ថានបានសម្រេចពិន័យជាលើកដំបូងលើម្ចាស់អាគារខុនដូរឈ្មោះHCN Residence ក្នុងខណ្ឌទួលគោក

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងបរិស្ថានបានសម្រេចពិន័យ លើម្ចាស់សាងសង់អាគារខុនដូឈ្មោះHCN Residence ស្ថិតនៅផ្លូវលេខ៥១៦ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារម្ចាស់គម្រោងនេះ ពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

នេះជាលើកដំបូងហើយនៅកម្ពុជា ដែលមានករណីផាកពិណ័យបែបនេះ លើម្ចាស់គំរោងសាងសង់ខុនដូ។

លិខិតរបស់ក្រសួងបរិស្ថាន ដែលចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសម្រេចអនុវត្តវិធានការចំពោះម្ចាស់ខុនដូរ HCN Residence ឈ្មោះលោកហេង ចំណាប់ ដោយពិន័យអន្តរការណ៍ចំនួន១០លានរៀល ករណីសាងសង់អគារខុនដូរ ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គម។

ម្ចាស់ខុនដូត្រូវមកបង់ប្រាក់ពិន័យនៅទីស្តី ការក្រសួងបរិស្ថានឱ្យបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ជាកំហិត។ ទន្ទឹមគ្នានេះ ម្ចាស់ខុនដូ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីដាក់ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់ឱ្យបានរួចរាល់មុន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ក្នុងករណីម្ចាស់ខុនដូ ប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់ វិធានការបន្តតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here