ដោយគង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកPatrick Murphyបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗជារួមបានទទួលជោគជ័យ និងកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលចាប់ពីរថយន្តFord ក្រុមហ៊ុន Facebook ហាងកាហ្វេ Starbucks និងហាងនំភីហ្សារបស់ក្រុមហ៊ុន Papa John ជាដើម។
លោកបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និងកម្ពុជាកំពុងកើនឡើងគួរកត់សម្គាល់ពី១ឆ្នាំ ទៅ១ឆ្នាំ។
-->
លោកបានអះអាងថា ក្រុមហ៊ុនអាមេរិកកាន់តែច្រើន កំពុងចូលមកកម្ពុជារៀងរាល់ឆ្នាំ ដែលនាំយកមកនូវអ្វីដែលលោកបានឱ្យដឹងថា ជាការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ ស្ដង់ដាការងារ និងបរិស្ថានខ្ពស់ និងកម្មវិធីទទួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនដ៏រឹងមាំ ដែលផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងប្រទេសកម្ពុជា។
លោកMurphy លើកឡើងថា “យើងសង្កេតឃើញថា ប្រជាជនកម្ពុជាស្វែងរកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ និងមានតម្រូវការច្រើន”។លោកបន្តថា “ អ្នកនឹងមើលឃើញយីហោហាងទាំងនេះ នៅកម្ពុជាកាន់តែច្រើន នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ ដូចជានៅទីក្រុងបាងកក ប្រទេសសិង្ហបុរី និងទីក្រុងហូជីមិញ”។
លោកបានថ្លែងបន្តថា “នៅពេលនេះ ដល់ពេលវេលាដែលត្រូវមើលឃើញយីហោទាំងនេះ នៅទីក្រុងភ្នំពេញផងដែរហើយ។ ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងបង្កើនការយល់ដឹងអំពីឱកាសពាណិជ្ជកម្មដ៏អស្ចារ្យ និងការបង្កើតទំនាក់ទំនង ដែលផ្ដល់លទ្ធផលសម្រាប់ប្រទេសទាំង២”។
ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ របស់សហរដ្ឋអាមេរិកជាច្រើន ដែលបានលក់Master ឬ Franchise មកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុនCentur21 Cambodia , ERA Cambodia , Cowel Bangker, ក្រុមហ៊ុនKW Cambodiaជាដើមក៏បាននិងកំពុងរីកចម្រើននៅលើទីផ្សារ ដែលកំពុងលេចឡើងយ៉ាងលឿននេះផងដែរ៕