ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅសម្រួលដល់ការធ្វើដំណើរ អាជ្ញាធរខេត្តកណ្តាល បានចាប់ផ្តើមពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវជាតិលេខ៦A ចាប់ព្រំប្រទល់រាជធានីភ្នំពេញក្នុងទឹកដីខេត្តកណ្តាលដល់រកាកោង និងបន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាម។
អភិបាលរងខេត្តកណ្តាល លោក នូវ ប៉េងច័ន្ទតារាបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ សីហានេះថា រដ្ឋបាលខេត្តកំពុងរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ គ្រប់គោលដៅតាមទីប្រជុំជន តាមផ្លូវជាតិចេញពីខេត្តកណ្តាលទាំងអស់ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
លោកបានបញ្ជាក់ថា “មិនថាតែទីប្រជុំជននោះទេ បើតាមការណែនាំរបស់អភិបាលខេត្ត គ្រប់ផ្លូវជាតិទាំងអស់ត្រូវរៀបចំភ្លើងបង្គោលភ្លើងបំភ្លឺ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសម្រាប់ពលរដ្ឋធ្វើដំណើរយប់ព្រលប់”។
លោកបន្តថា ដោយឡែកផ្លូវជាតិលេខ៦A ក្នុងមូលដ្ឋានខេត្តកណ្ដាលបានពង្រាយចាប់តាំងពីព្រំប្រទល់រាជធានីភ្នំពេញ ដល់រកាកោងចម្ងាយជាង២០គីឡូម៉ែត្រ និងបន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាម។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់ផែនការដំឡើងបង្គោលដងគោមអគ្គិសនីបំភ្លឺផ្លូវសាធារណៈ និងតាមបណ្ដាស្រុកនានា ត្រូវមានភ្លើងបំភ្លឺផ្លូវសាធារណៈនៅគ្រប់ផ្លូវទាំងអស់។
អភិបាលខេត្តកណ្តាលបានលើកឡើងថា នៅក្រុងតាខ្មៅនឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ ហើយនៅគ្រប់ផ្លូវទាំងអស់ក្នុងក្រុង ក៏ដូចជា នៅតាមផ្លូវសំខាន់ៗមួយចំនួននៅតាមបណ្ដាស្រុកដទៃទៀត ក៏នឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ។ ការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈនេះ មិនត្រឹមតែសម្រាប់បំភ្លឺផ្លូវប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់សោភណភាពផ្លូវ និងសោភណក្រុងស្រុកផងដែរ។
ក្រៅពីការដំឡើងភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដាបង្គោលភ្លើង ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព៕