ការអភិវឌ្ឍបុរីលំនៅឋាននៅក្នុងខេត្តកំពតកាន់តែរីកសាយទោះស្ថិតនៅក្នុងវិបត្តិក្ដី

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បុរីលំនៅឋាននៅក្នុងទឹកដីខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ក្នុងពេលបច្ចុប្បន្ននេះ ហើយបើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី។

មួយរយៈចុងក្រោយនេះ វិនិយោគិននៅតែបន្តសម្លឹងមើលការវិនិយោគបុរី លំនៅឋានក្នុងខេត្តកំពតជាហូរហែរ ។ នេះបើតាមភ្នាក់ងារអចលនវត្ថុមួយប្រចាំខេត្តកំពតបានថ្លែងបានប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី៥ សីហា ២០២១ នេះ ។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពត បានឱ្យដឹងនាថ្ងៃទី៥ សីហានេះថា បច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍បុរីលំនៅឋាន នៅក្នុងខេត្តកំពត កំពុងទទួលបានការពង្រីកការអភិវឌ្ឍបន្ថែមទៀត ជាក់ស្ដែងនៅពេលថ្មីៗនេះ នៅតំបន់ផ្លូវវាងក្រុងកំពត ក៏មានក្រុមហ៊ុនមួយបានចាប់ផ្ដើម បើកការដ្ឋានសាងសង់លំនៅឋានមានលក្ខណៈជាបុរីមួយទៀត ដែលបង្ហាញថាគម្រោងអភិវឌ្ឍន៍បុរី នៅក្នុងខេត្តកំពតកំពុងតែមានភាពទាក់ទាញ កាន់តែខ្លាំងពីសំណាក់វិនិយោគិន ។

លោកបន្តថា “អតិថិជនដែលទិញលំនៅឋាននៅក្នុងបុរី សាងសង់ក្នុងខេត្តកំពតភាគច្រើនជាអ្នកនៅភ្នំពេញ ហើយពួកគាត់មិនមែនទិញដើម្បីស្នាក់នៅ ឬប្រកបអាជីវកម្មទេ គឺទិញដើម្បីវិនិយោគ”។លោកបន្តថា “មានន័យថាពួកគាត់ទិញទុកលក់ចំណេញនៅពេលក្រោយ ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍បុរីនានា បានផ្ដល់លក្ខខ័ណ្ឌងាយស្រួលដល់អ្នកទិញដូច្នពួកគេក៏ចាប់យកឱកាសនេះ ដើម្បីរកប្រាក់ចំណេញនៅពេលអនាគត”។

លោកកែវ សុជាតិបានបន្តថា ដោយសារតែលក្ខខ័ណ្ឌបង់ប្រាក់មានភាពងាយស្រួល អ្នកមានលុយក៏ចាប់ផ្ដើមបង់ប្រាក់ ក្នុងការទិញយកគម្រោងអភិវឌ្ឍន៍លំនៅឋាននេះសម្រាប់ចំណេញនៅពេលបន្ទាប់ ជាពិសេសពេលសាងសង់រួច។

លោកបន្ថែមថា  នៅក្នុងខេត្តកំពតមានអ្នកវិនិយោគនៅភ្នំពេញជាច្រើន ក៏បានចាប់អារម្មណ៍ក្នុងការបណ្ដាក់ទុនលើដីធ្លីផងដែរ ជាពិសេសនៅតំបន់ក្រុងបូកគោ ដែលជាក្រុងថ្មី  ហើយពេលដែលរដ្ឋាភិបាល ប្រកាសពីសមាសភាពដឹកនាំក្រុងថ្មីរួចមក ក៏ធ្វើឱ្យវិនិយោគិន កាន់តែជឿជាក់លើការវិនិយោគដីធ្លី ក្នុងក្រុងថ្មីៗនេះកាន់តែខ្លាំងថែមទៀត ។

ចំណែកលោកជិន ណារិន ភ្នាក់ងារអចលនវត្ថុមួយរូបនៅខេត្តកំពតក៏បាននិយាយផងដែរថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែមានការរាលដាលនៅប្រទេសកម្ពុជា តែការទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពត នៅតែទទួលបានសកម្មភាពជាបន្តបន្ទាប់ជាមួយនឹងតម្លៃរក្សាលំនឹងដដែល។

លោកបន្តថា‍ “តម្លៃដីធ្លីនៅតែរក្សាដដែល មិនធ្លាក់ចុះនោះទេ ទោះបីជាមានការរារាំងដោយសារតែកូវីដ១៩ ផ្ទុយទៅវិញតំបន់ខ្លះ បែរជាឡើងថ្លៃទៅទៀតក្នុងបរិបទកូវីដ១៩នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here