ដោយៈ សុខុម
ភ្នំពេញៈ ប្រទេសរុស្ស៊ី ពេលនេះបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតទី២ របស់សហរដ្ឋអាមេរិក ក្រៅពីកាណាដា ស្របពេលបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាមេរិក ស្វះស្វែងរកទិញប្រេងឆៅទូទាំងពិភពលោកដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការឥន្ធនៈសម្រាប់យានយន្តដែលកំពុងតែកើនឡើង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៥ ខែសីហា នេះ។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ការនាំចូលប្រេងឆៅ និងប្រេងកាតចម្រាញ់រួចពីប្រទេសរុស្ស៊ី ដែលជាអតីតបច្ចាមិត្ររបស់ខ្លួនក្នុងសង្គ្រាមត្រជាក់ (Cold War) បានកើនឡើង២៣%ក្នុងខែឧសភា រហូតដល់៨៤៤.០០០បារ៉ែលក្នុងមួយថ្ងៃ បើធៀបទៅនឹងខែមេសា។ ប្រទេសម៉ិកស៊ិក បានខ្ទាតចេញពីចំណាត់ថ្នាក់លេខ២ នៅពេលការផ្គត់ផ្គង់របស់ប្រទេសនេះដល់សហរដ្ឋអាមេរិក ដែលជាប្រទេសក្បែរខាងខ្លួនបានកើនឡើងមិនដល់៣%ផងនោះ។
ប្រទេសរុស្ស៊ី បានក្លាយជាប្រភពគួរឱ្យពេញចិត្តសម្រាប់បណ្ដាក្រុមហ៊ុនផលិតប្រេងឥន្ធនៈអាមេរិក ដែលមួយភាគធំដោយសារតែប្រទេសនេះផលិតគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ នូវប្រេងឥន្ធនៈពាក់កណ្តាលចម្រាញ់ដូចជាម៉ាស៊ូត១០០ (Mazut 100) ដែលជាប្រេងឆៅដ៏ល្អសម្រាប់រោងចក្រចម្រាញ់ប្រេងអាមេរិក នានាដែលធ្លាប់តែចម្រាញ់ប្រេងឆៅខាប់ខ្លាំងដែលនាំចូលពីប្រទេសវេណេស៊ុយអេឡា និងតំបន់មជ្ឈមបូព៌ា។
ការកើនឡើងនូវការនាំចេញប្រេងឆៅរុស្ស៊ី នេះកំពុងកើតឡើង ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងវិមានក្រឹមឡាំង (រុស្ស៊ី) ជុំវិញគម្រោងបំពង់បង្ហូរឧស្ម័នហ្គាសដ៏ចម្រូងចម្រាសមួយសម្រាប់បញ្ជូនឧស្ម័នហ្គាសពីតំបន់ស៊ីបេរី ទៅកាន់ប្រទេសអាល្លឺម៉ង់ ក៏ដោយ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងងាកទៅទាក់ទាញបណ្ដាវិនិយោគិនរុស្ស៊ី ឱ្យមកវិនិយោគលើវិស័យប្រេងនៅក្នុងប្រទេសយើងផងដែរ ក្រោយពីក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលធ្វើការបូមប្រេងក្នុងប្លុក A នៃឆ្នេរសមុទ្រកម្ពុជា បានធ្វើឱ្យបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ៣០ម៉ឺនបារ៉ែល បន្ទាប់ពីក្រុមហ៊ុននេះប្រកាសក្ស័យធន។ នេះបើយោងតាមកាសែត Khmer Times ចុះផ្សាយកាលពីថ្ងៃទី៤ សីហា កន្លងទៅ។
កម្ពុជា បានប្រកាសបូមប្រេងជាលើកដំបូងនៅក្នុងប្លុក A កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅថា “អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ”៕