រដ្ឋបាលខេត្តព្រះសីហនុត្រៀមរៀបចំបុណ្យសមុទ្រនៅចុងឆ្នាំនេះនិងជាក្ដីរំពឹងមួយ

0

ដោយៈវឌ្ឈនៈ

ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមទីតាំងរួចហើយក្នុងការរៀបចំ បុណ្យសមុទ្រក្នុងឆ្នាំ២០២១នេះ នៅចុងឆ្នាំបើសិនជាស្ថានភាពកូវីដ១៩ បានប្រសើរឡើងវិញ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៦ សីហា ២០២១នេះ។

លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ បើសិនជាមិនមានការប្រែប្រួល ឬការរំខានដោយកូវីដ១៩នោះ រដ្ឋបាលខេ   ត្តក៏ដូចជា ក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូងដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ។

ជាមួយគ្នានេះដែរ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាពនិងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានទូលំទូលាយ បន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុខាងមុខនេះ ។

លោកគួច ចំរើនក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿន ការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាពនិងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ ។

សេវាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននិងសេវាដឹកជញ្ជូននានា នៅក្នុងខេត្តព្រះសីហនុ បានបង្ហាញពីការសប្បាយចិត្ត ចំពោះការត្រៀមរៀបចំបុណ្យសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដោយរំពឹងថាពួកគាត់នឹងទទួលបានប្រាក់ចំណូលឡើងវិញ បន្ទាប់ពីបាត់បង់អស់ជាយូរមកហើយក្នុងអំឡុងកូវីដ១៩ ។

លោកនួន សែម អ្នកបើកបរដឹកអ្នកដំណើរក្នុងខេត្តព្រះសីហនុ បាននិយាយថា កា​លពីមុនកូវីដ១៩ ភ្ញៀវទេសចរនិងពលរដ្ឋក្នុងខេត្តព្រះសីហនុ បានចេញធ្វើដំណើរកម្សាន្តនៅក្នុងខេត្ត តាមរមណីយដ្ឋាននានាតែពេលកូវីដ១៩ ភ្ញៀវពីក្រៅក៏បាត់ ភ្ញៀវក្នុងខេត្តក៏លែងហ៊ានដើរកម្សាន្ត ធ្វើឱ្យកក្រុមអ្នកដឹកភ្ញៀវបាត់បង់ចំណូលខ្លះរត់ទៅស្រុកវិញ ខ្លះនៅបន្តដឹកមួយៗ ដើម្បីបានចំណូលខ្លះៗមកចិញ្ចឹមប្រពន្ធកូន ។

លោកបន្តថា “គម្រោងរៀបចំបុណ្យសមុទ្រក្នុងខេត្តព្រះសីហនុ ជាក្ដីសង្ឃឹមមួយសម្រាប់អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវកម្សាន្ត និងអាជីវកម្មផ្សេងទៀតនៅក្នុងខេត្តនេះ និងរំពឹងថាដល់ពេលនោះកូវីដ១៩ នឹងត្រូវបញ្ចប់ ហើយអាជ្ញាធរអាចរៀបចំពិធីបុណ្យនេះបាន”។

លោកឃាង ភារម្យអ្នកនាំពាកក្យសាលាខេត្តព្រះសីហនុ ក៏បានលើកឡើងផងដែរថា អ្វីដែលរដ្ឋបាលខេត្តកំពុងធ្វើនៅពេលនេះ គឺការជំរុញការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាជីវករ នៅក្នុងខេត្តព្រះសីហនុឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យខេត្តអាចបើកដំណើរការអាជីវកម្មនានាឡើងវិញសម្រាប់ទទួលបានប្រាក់ចំណូល ក៏ដូចជាត្រៀមខ្លួនទទួលវិនិយោគិន និងទេសចរមកលេងក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here