ដោយៈ សាវុធ
ត្បូងឃ្មុំៈ ផ្សារធំខេត្តត្បូងឃ្មុំ ដែលជាផ្សារខេត្តធំជាងគេបង្អស់ នៅក្នុងខេត្តត្បូងឃ្មុំ នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែសីហានេះហើយ ខណៈផ្សារធំត្បូងឃ្មុំនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកម្ពស់តំបន់ពាណិជ្ជកម្មខេត្តនេះ។
យោងតាមការលើកឡើងរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍ ទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា ផ្សារធំខេត្តត្បូងឃ្មុំ គឺជាគម្រោងអភិវឌ្ឍន៍ចំរុះ ដែលត្រូវបានផ្តល់សិទ្ធិដោយរដ្ឋបាលខេត្ត ក្នុងការសាងសង់ផ្សារធំត្បូងឃ្មុំនេះ នៅក្នុងបរិវេណគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
លោកជាម ច័ន្ទសោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា លោកមានសុទិដ្ឋិនិយម និងភាពជឿជាក់យ៉ាងមុតមាំថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំនែកយ៉ាងសំខាន់ ក្នុងការជួយឲ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនឹងមកប្រកបអាជីវកម្ម និងរស់នៅក្នុងតំបន់ពាណិជ្ជកម្មខេត្តនេះ។
ជាការចូលរួមចំណែកពីរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មខេត្តនេះ និងជាពិសេសដើម្បីបង្ករភាពងាយស្រួល ក្នុងការធ្វើដំនើរមកកាន់ផ្សារខេត្តនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ និងដាក់ឲ្យប្រើប្រាស់រួចរាល់នូវផ្លូវកៅស៊ូទំហំ៥០ម និង៣០ម ជាច្រើនខ្សែដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់ប្រកបមុខរបរ រស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ពាណិជ្ជកម្មខេត្តនេះ។
ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ចកម្មខេត្ត និងស្ថិតនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត ផ្សារធំត្បូងឃ្មុំនេះ នឹងក្លាយជាដែកឆក់មួយដ៏សំខាន់ ក្នុងការស្រូបទាញសកម្មភាពអាជីវកម្មនានា និងជាពិសេសនឹងចូលរួម យ៉ាងសកម្ម ក្នុងការអភិវ្ឍន៍តំបន់ពាណិជ្ជកម្មខេត្ត ស្របតាមផែនការអភិវឌ្ឍន៍មេរបស់ខេត្តត្បូងឃ្មុំផងដែរ។
ផ្សារធំត្បូងឃ្មុំនេះ មានទីតាំងស្ថិតនៅក្នុងគម្រោង ទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ ដែលជាគម្រោងអភិវឌ្ឍន៍ ចំរុះឈានមុខគេនៅក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសបើកការសាងសង់ផ្សារធំត្បូងឃ្មុំនេះផងដែរ គម្រោងទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំនេះក៏នឹងធ្វើការបើកលក់ផ្ទះអាជីវកម្ម នៅជុំវិញផ្សារនិងតូបផ្សារជាច្រើនផងដែរ ក្នុងតម្លៃពិសេសជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន៕