ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង៥០លានដុល្លារដល់កម្ពុជា ក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ចេញផ្សាយនៅចុងសប្តាហ៍កន្លងមកនេះ ។
ជំនួយនេះ រួមបញ្ចូលទាំងការផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រ អភិវឌ្ឍន៍មន្ទីរពេទ្យឱ្យប្រសើរឡើង ការគាំទ្រដល់វិធានការបង្ការជំងឺឆ្លងតាមព្រំដែន ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងការផ្គត់ផ្គង់ប្រព័ន្ធទូរទឹកកក សម្រាប់ផ្ទុកនិងដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមទាំងជំនួយពី UNICEF និង JICA ផងដែរ។
លើសពីនេះរដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ២២៧លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឧបករណ៍ចាំបាច់ជាច្រើនទៀត។
ស្ថានទូតបាននិយាយថា “យើងសង្ឃឹមថាជំនួយនេះ នឹងអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា”៕