ដោយៈសុខុម
ហ្សាការតា: ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ PT Semen Indonesia ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានឈានដល់ការចុះកិច្ចព្រមព្រៀងចាប់ដៃគូសហការជាយុទ្ធសាស្ត្រមួយ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីសប្ដាហ៍មុនឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ជប៉ុននេះ គឺដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទូទាំងពិភពលោក។
កិច្ចព្រមព្រៀងចាប់ដៃគូសហការនេះ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ជប៉ុន Taiheiyo Cement Corporation នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់២២០លានដុល្លារអាមេរិក សម្រាប់ការកាន់កាប់ភាគហ៊ុន១៥.០៤% ក្នុងក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ PT Solusi Bangun Indonesia (SBI) ដែលជាបុត្រម្ព័ន្ធរបស់ Semen Indonesia។
លោក Fadjar Judisiawan នាយកផ្នែករៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន PT Semen Indonesia បានធ្វើការកត់សម្គាល់ថា ការវិនិយោគ និងការចាប់ដៃគូសហការនេះ នឹងជួយឱ្យក្រុមហ៊ុនរបស់លោក មានលទ្ធភាពអភិវឌ្ឍផលិតផលរបស់ខ្លួន និងដើម្បីពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោក ដូចជា ផ្សារនៅទ្វីបអាហ្វ្រិក ប្រទេសអូស្ត្រាលី និងប្រទេសចិនជាដើម។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ សប្ដាហ៍កន្លងទៅ លោក Fadjar Judisiawan បានគូសបញ្ជាក់ថា “យើងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅក្នុងប្រទេសផ្សេងៗទៀត”៕