FDIហូរចូលប្រទេសថៃក្នុងឆមាសទី១ មានទំហំទឹកប្រាក់រហូតដល់១២ពាន់ លានដុល្លារអាមេរិក

0

ដោយៈសុខុម

បាងកក: លំហូរទុនវិនិយោគពីបរទេស(FDI)ហូរចូលប្រទេសថៃ ក្នុងឆមាសទី១ ឆ្នាំ២០២១ ទំហំនៃការដាក់ពាក្យសុំវិនិយោគនៅប្រទេសថៃ បានកើនឡើង១៤%ទាក់ទងនឹងចំនួនគម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ និងកើនឡើង១៥៨%បើគិតពីតម្លៃសរុប។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីដើមសប្ដាហ៍នេះ។

ក្រុមប្រឹក្សាវិនិយោគថៃ (BOI) និយាយថា កំណើននេះ ទទួលបានដោយសារការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស(FDI) ជាកំណើនប្រកបដោយនិរន្តភាពក្នុងឧស្សាហកម្ម ដែលមានគោលដៅវិនិយោគជាច្រើន ពីវិនិយោគិនបរទេសជាចច្រើន រួមមាន វិស័យអេឡិចត្រូនិក និងវិស័យវេជ្ជសាស្ត្រ ព្រមទាំងនៅក្នុងការផលិតថាមពលផងដែរ។

គិតពីពីខែមករា ដល់ខែមិថុនា វិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានដាក់ពាក្យសុំវិនិយោគសរុបចំនួន៨០១គម្រោង ដែលមានតម្លៃសរុប៣៨៦,២ពាន់លានបាត (១២ពាន់លានដុល្លារអាមេរិក) បើធៀបនឹង៧០៤គម្រោង ដែលមានតម្លៃសរុប១៤៩,៨ពាន់លានបាត (៤,៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

លោកស្រី Duangjai Asawachintachit អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានលើកឡើងថា “យើងពិតជារីករាយណាស់ ដែលវិនិយោគិនបរទេសជាច្រើន រួមទាំងវិនិយោគិនថ្មីៗជាច្រើន បានជ្រើសរើសមកវិនិយោគនៅក្នុងប្រទេសថៃ ក្នុងគ្រាដែលបរិយាកាសវិនិយោគពិភពលោក នៅតែមានបញ្ហាប្រឈមនៅឡើយ ដោយសារផលប៉ះពាល់នៃការរីករាលដាលវីរុសកូវីដ-១៩”។លោកស្រីបន្តថា “កំនើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន ចំពោះភាពខ្លាំងរបស់ប្រទេសថៃ នៅក្នុងឧស្សាហកម្មសំខាន់ៗដូចជាអេឡិចត្រូនិក ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាជីវសាស្ត្រ”។

ខណៈពេលចំនួន នៃពាក្យសុំគម្រោងវិនិយោគផ្ទាល់ពីបរទេស ក្នុងរយៈពេល៦ខែនេះបានធ្លាក់ចុះ៦% មកនៅត្រឹម៤០៣គម្រោង តម្លៃវិនិយោគនៃគម្រោងទាំងនេះបានកើនឡើងជិត៤ដង ដល់២៧៨,៧ពាន់លានបាត (៨,៣៧ពាន់លានដុល្លារអាមេរិក) បើធៀបនឹង៤៣០គម្រោង ដែលមានតម្លៃសរុប៧១,៩ពាន់លានបាត (២,១៦ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុនវិនិយោគបរទេសចូលទៅកាន់ប្រទេសថៃ គឺក្រុមហ៊ុនជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹង៨៧គម្រោង ដែលមានតម្លៃ៤២,៨ពាន់លានបាត (១,២៨ពាន់លានដុល្លារអាមេរិក) សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹង១៨គម្រោងដែលមានតម្លៃសរុប២៤,១ពាន់លានបាត (៧២៤លានដុល្លារអាមេរិក) ហើយប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយ៦៣គម្រោងដែលមានតម្លៃសរុប១៨,៦ពាន់លានបាត (៥៥៩លានដុល្លាអារមេរិក)។

ពាក្យស្នើសុំវិនិយោគផ្ទាល់ពីបរទេស (FDI) មានចំនួនពាក់កណ្តាលនៃចំនួនគម្រោងវិនិយោគសរុប ហើយស្មើនឹង៧២%នៃតម្លៃវិនិយោគសរុប ដែលបានដាក់ពាក្យស្នើសុំអំឡុងពេលពីខែមករា ដល់មិថុនា នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here