ដោយៈសុខុម
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសុក្រ ទី១៣ សីហាថា ខ្លួនបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer Inc ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០លានដូសនៅឆ្នាំក្រោយ ហើយអាចនឹងកុម្ម៉ង់៣០លានដូសតាមក្រោយបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។
យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ដើម្បីទិញវ៉ាក់សាំងឱ្យបានចំនួន៥០លានដូស សម្រាប់យុទ្ធនាការចាក់ដូសទី១ ឱ្យពលរដ្ឋប្រមាណ៥២លាននាក់ក្នុងប្រទេសនេះនៅឆ្នាំក្រោយ។
ទីភ្នាក់ងារ KDCA និយាយថា ការផ្គត់ផ្គង់វ៉ាក់សាំង Pfizer ចំនួន៣០លាននឹងចាប់ផ្តើមនៅត្រីមាសទី១ ដើមឆ្នាំ២០២២ ហើយអាចនឹងកុម្ម៉ង់ទិញ៣០លានដូសបន្ថែមទៀតនៅពេលចាំបាច់។ ទីភ្នាក់ងារដដែលបានបញ្ជាក់ថា ខ្លួននឹងពិចារណាកុម្ម៉ង់ទិញវ៉ាក់សាំង៣០លានដូសបន្ថែមទៀត សម្រាប់ឆ្នាំក្រោយក្នុងគោលបំណង ប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូវីដ-១៩ ដូចជាវីរុសបំប្លែងថ្មី Delta ជាដើម។
ទីភ្នាក់ងារនេះនិយាយថា ខ្លួននឹងពិចារណាលើកត្តាផ្សេងៗ ដូចជា ការសិក្សាចុងក្រោយស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំង ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីនានា មុននឹងសម្រេចចិត្តទិញវ៉ាក់សាំងថ្នាំបន្ថែម។
កាលពីខែមិថុនា ប្រទេសនេះបានចាប់ផ្ដើមត្រៀមលក្ខណៈ ដើម្បីទិញវ៉ាក់សាំងបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ នៅពេលការរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសនេះត្រូវបានរំពឹងថានឹងបន្តកើតមាន សូម្បីក្រោយសម្រេចបានភាពសាំ ក្នុងសហគមន៍នៅចុងឆ្នាំនេះក្ដី។
ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន កាលពីចុងខែកុម្ភៈកន្លងមក ពលរដ្ឋចំនួន២១.៩៨លាននាក់ ឬស្មើនឹង៤២.៨%នៃប្រជាជនសរុបចំនួន៥១.៣៤លាននាក់របស់ប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងដូសទី១ របស់ខ្លួន។
យោងតាមទីភ្នាក់ងារ KDCA ឱ្យដឹងថា ប្រហែល១៧,៤%ឬស្មើនឹងពលរដ្ឋចំនួន៨,៩៣លាននាក់បានចាក់វ៉ាក់សាំងគ្រប់ដូស។
ប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំងឱ្យពលរដ្ឋ បានចំនួន៣៦លាននាក់ ឬស្មើនឹង៧០% ឱ្យបានយ៉ាងតិចម្នាក់មួយដូសនៅត្រឹមខែកញ្ញា ដោយសង្ឃឹមថានឹងសម្រេចបានភាពសាំក្នុងសហគមន៍នៅខែវិច្ឆិកាចុងឆ្នាំនេះ។
រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាង១០០លានដូស ដូចជា វ៉ាក់សាំង Pfizer វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Moderna ជាដើម ខណៈប្រទេសនេះកំពុងតែប្រឈម នឹងការរីករាលដាលវីរុសកូវីដ-១៩ រលកទី៤ ដោយសារការកើនឡើងនូវករណីឆ្លងវីរុសបំប្លែងថ្មី។
ទីភ្នាក់ងារ KDCA និយាយថា កាលពីថ្ងៃសុក្រ ទី១៣ សីហា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន១.៩៩០ករណី ដោយករណីឆ្លងនៅរក្សាខ្ទង់២.០០០ករណីរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចំនួនឆ្លងសរុបក្នុងប្រទេសនេះ បានកើនឡើងដល់២២០.១៨២ករណី៕