ដោយៈសុខុម
ញូវយ៉ក: អគារកប់ពពកថ្មី Central Park Tower ដែលស្ថិតនៅសង្កាត់មែនហាធេន (Manhattan) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងបំបែកកំណត់ត្រាអគារលំនៅ ដ្ឋានខ្ពស់បំផុតរបស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Yahoo News ចុះផ្សាយកាលពីសប្ដាហ៍មុន។
អគារកញ្ចក់រាងជ្រុងៗដែលឌីហ្សាញប្លង់ ដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture នេះមានកម្ពស់៤២៧,៤៤ម៉ែត្រ និងមាន១៣១ជាន់។ អគារដ៏សែនខ្ពស់នេះ អនុញ្ញាតឱ្យអ្នកគយគន់ទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ នៃឧទ្យាន Central Park និងសង្កាត់ Manhattan។
យោងតាមឯកសារផ្លូវការបង្ហាញថា អគារដែលចំណាយដើមទុនអស់រហូតដល់ទៅ៣ពាន់លានដុល្លារ នេះត្រូវបានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២១ នេះ។
លោក Gordon Gill ដែលមកពីក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture បានលើកឡើងថា សោភ័ណភាពខាងក្រៅនៃអគារនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបង្ហាញពីប្រណីតភាព និងភាពស៊ីវិល័យសម្រាប់មនុស្សសម័យថ្មី។
លំនៅដ្ឋានប្រណីតចំនួន១៧៩យូនីតនៅក្នុងអគារនេះ ដែលយូនីតខ្លះមានមនុស្សរស់នៅរួចទៅហើយនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Rottet Studio។ រាប់ចាប់ពីជាន់ទី៣២ឡើងទៅ ក្នុងមួយយូនីតមានតម្លៃចាប់ពី៦,៥លានដុល្លារឡើងទៅ ដោយបន្ទប់គេងមានចាប់ពី១បន្ទប់រហូតដល់៤បន្ទប់។
ក្រុមហ៊ុនអភិវឌ្ឍន៍អគារនេះឈ្មោះ Extell Development Company ព្យាករថា នេះជាខុនដូប្រណីតលំដាប់កំពូល ហើយជាមួយនឹងទំហំលក់ចេញសរុប រហូតដល់ទៅ៤ពាន់លានដុល្លារ នឹងធ្វើឱ្យវាក្លាយជាអគារខុនដូ ដែលថ្លៃបំផុតប្រចាំប្រទេសនេះ។ ផ្ទះប្រណីតទាំងនេះ បានលក់ដាច់ខ្លះហើយកាលពីដើមឆ្នាំនេះ។
លោក Gary Barnett ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Extell Development Company បានលើកឡើងថា អគារនេះគឺល្អបំផុត ដែលអ្នកអាចទិញបាននៅឧទ្យាន Central Park។
យោងតាមពាក្យចចាមអារ៉ាមថា លោក Kevin Clayton ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Clayton Homes ដែលជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក បានទិញខុនដូមួយនេះទីនេះ ក្នុងតម្លៃ១១លានដុល្លារ។ ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើមិនបានបញ្ជាក់ ឬច្រានចោលពាក្យចចាមអារ៉ាមនេះឡើយ។
អគារនេះ មានក្លឹបឯកជនផ្ដាច់មុខមួយឱ្យឈ្មោះថា Central Park Club មានកម្ពស់៣ជាន់ ដែលមានផ្ទៃសរុប៤.៦៤៥ម៉ែត្រការ៉េ។ ក្លឹបនេះបំពាក់ដោយគ្រឿងប្រណីតៗរួមមានបន្ទប់ទទួលទានអាហារមួយ ផ្ទះបាយដែលមានមេចៅភៅលំដាប់ផ្កាយ កន្លែងអង្គុយលេងមួយ រោងភាពយន្តមួយ និងសាលរបាំដ៏ធំមួយ។ នៅក្នុងអគារនេះក៏មានអាងហែលទឹក និងបារ ក្លឹបហាត់ប្រាណ តារាងបាល់ Basketball និងសូណាផងដែរ៕