ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញ និងវិនិយោគក្នុងវិស័យអចលនទ្រព្យបានអះអាងថា ទីផ្សារអចលនទ្រព្យមិនរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិជំងឺកូវីដនោះទេ បើទោះជាគំរោងខ្លះបានពន្យាពេលក៏ដោយ។
លោកឧកញ៉ានួន រិទ្ឋអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKhmer Foundation Appraisal បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៦ សីហាកន្លងមកថា វិស័យអចលនទ្រព្យពិតជារងផលប៉ះពាល់ តែមិនប៉ះទង្គិចខ្លាំងដូចនៅបណ្តាប្រទេសមួយចំនួនឡើយ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលរ៉ឹងមាំ ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិលើផ្នែកជាច្រើន។
លោកបន្តថា “ទីផ្សារខុនដូបានរងផលប៉ះពាល់ តែសកម្មភាពទិញលក់ដីធ្លីនៅតែល្អប្រសើរ ដោយចរន្តទិញលក់នៅតែសកម្ម តម្លៃដីនៅតែកើនឡើងក្នុងតំបន់មួយចំនួន”។លោកបន្តថា “ការបើកចំហគោលនយោបាយ ដែលជនបរទេសអាចមានសិទ្ឋបោះទុនវិនិយោគ១០០ភាគរយដោយខ្លួនឯង ការអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញលំនៅដ្ឋានចាប់ពីជាន់ទី១ឡើង គោលនយោបាយពន្ឋដែលមិនមានភាពស្មុគ្រស្មាញ និងលើកទឹកចិត្តទាំងអ្នកវិនិយោគខ្មែរ និងបរទេស សុទ្ឋតែជាមូលដ្ឋានរ៉ឹងមាំ ដែលកម្ពុជាបន្តទាក់ទាញលំហូរទុនវិនិយោគពីបរទេសច្រើនថែមទៀត”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ពិតហើយមានគំរោងមួយចំនួនបានពន្យាពេល ប៉ុន្តែវាមិនប៉ះទង្គិចខ្លាំង ដល់វិស័យនេះទាំងមូលទេ អ្វីៗកំពុងវិវត្តន៍ទៅរកភាពល្អប្រសើរវិញជាបណ្តើរៗនាពេលឆាប់ៗខាងមុខនេះ។
ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអ្នកជំនាញ និងវិភាគពីទីផ្សារអចលនទ្រព្យឯករាជ្យបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ស្ថានភាពអចលនទ្រព្យនៅតែមានភាពតានតឹង ដោយសារការរាតត្បាតជំងឺកូវីដ ដែលមិនអាចឲ្យជនបរទេសចូលមកវិនិយោគនៅកម្ពុជាបាននៅឡើយ។
អ្នកស្រីបានបន្តថា “លំហូរទុនវិនិយោគពីបរទេស នឹងមានសញ្ញាល្អនៅឆ្នាំ២០២២ ហេតុនេះទីផ្សារនឹងមានសភាពល្អឡើងវិញនាពេលខាងមុខ”។
ជាមួយគ្នានេះលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បើទោះបីវិស័យនេះរងផលប៉ះពាល់ក្តី ប៉ុន្តែសកម្មភាព និងទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ វៀតណាមជាដើមនៅតែបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំ។
លោកបន្តថា “គោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល បានធ្វើឲ្យកម្ពុជានៅតែទាក់ទាញទុនវិនិយោគ ជាក់ស្តែងយើងឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែអនុម័តគំរោងវិនិយោគថ្មីៗជាបន្តបន្ទាប់”៕