ដោយៈគង់ លាងហួរ
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលកំពុង ជម្រុញឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្រ្តីរាជការជួរមុខ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់ពីបច្ចេកទេស និងប្រសិទ្ឋភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ Delta។

ដោយៈគង់ លាងហួរ
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលកំពុង ជម្រុញឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្រ្តីរាជការជួរមុខ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់ពីបច្ចេកទេស និងប្រសិទ្ឋភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ Delta។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសាសន៍ឲ្យដឹងថា ចំពោះសំណួរសួរថា បើខ្វះមិនគ្រប់៦ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើងត្រូវពិនិត្យមើលថេរវេលា នៃការបង្កើតនូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាងនឹងចាប់ផ្ដើមបង្កើតអង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើតអង់ទីគ័រនេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអង់ទីគ័របានដែរ។
លោកស្រីបន្តថា “ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន បើចាក់តែមួយដូស គឺអាចការពារសរីរាង្គយើងបានដែរ តែបានចំនួនទាប មិនបានដល់ចំនួនដែលគេរំពឹងទុក”។
លោកស្រីឱ វណ្ណឌីនបានបន្តថា ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាតនៃវីរុស Delta ដើម្បីសុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹងសូមបងប្អូនកុំព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែឡើងទៅ។ ប៉ុន្តែសម្រាប់កម្ពុជាយើង កំពុងមានបញ្ហាវាយលុកនៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹង នេះជាការចាំបាច់ ប៉ុន្តែក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ។
ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ កម្ពុជាបានអនុវត្តមុនប្រទេសជិតខាង ដែលបានចាក់ជូនក្រុមជួរមុខ ទាំងគ្រូពេទ្យទាំងវិស័យរដ្ឋ និងឯកជន ក៏ដូចជាក្រុមសមត្ថិកិច្ចអាជ្ញាធរ ក្រុមមន្ត្រីរាជការស៊ីវិលដែលធ្វើការបម្រើការប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា។

លោកស្រិវេជ្ជបណ្ឌិតឱ វណ្ណឌីនបានបន្តថា ដូច្នេះឈប់ភ័យខ្លាចនិងព្រួយចិត្ត ដោយការចាក់វ៉ាក់សាំងឲ្យគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នោះយើងនឹងមានភាពស៊ាំបានពេញលេញគ្រប់គ្នា ហើយអាចទប់ទល់ជាមួយវីរុសគ្រប់ប្រភេទ ដោយមិនឲ្យរាងកាយឈឺធ្ងន់ធ្ងរបាន៕