ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ប្រជាជនចិនជាជនជាតិមួយពូកែធ្វើមុខជំនួញ និងមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ពិភពលោកមួយផងដែរ នៅពេលបច្ចុប្បន្ននេះ សេដ្ឋីលំដាប់ប្រទេសកម្ពុជា អ្នកឧកញ៉ាពុង ឃាវសែដែលជាកូនកាត់ចិនផងដែរនោះ ជំរុញឱ្យពលរដ្ឋកម្ពុជាគួរមើលជនជាតិជាគំរូដើម្បីចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ។
អ្នកឧកញ៉ាបានមានប្រសាសន៍ នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ កាលពីពេលថ្មីៗនេះឱ្យដឹងថា កាលពីដើមឡើយប្រទេសចិន ជាប្រទេសមួយរងទុក្ខលំបាកនិងក្រីក្រ ដូចជាសង្គ្រាមជាមួយប្រទេសកូរ៉េ សង្គ្រាមវៀតណាម និងជាពិសេសចិន បានជួបប្រទះនឹងគ្រោះមហន្តរាយធំ រហូតដល់ពលរដ្ឋចិនជាច្រើន អត់មានបាយហូប ប៉ុន្តែរហូតមកដល់បច្ចុប្បន្នចិន បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២បន្ទាប់ពីអាមេរិក និងមានសន្ទុះសេដ្ឋកិច្ចកាន់តែខ្ពស់។
-->

អ្នកឧកញ៉ាបន្តថា “អ្វីដែលធ្វើឱ្យប្រទេសចិនមានការរីកចម្រើន មកដល់ពេលនេះ គឺការអប់រំបណ្ដុះបណ្ដាល ធនធានមនុស្សរបស់គេអត់ឈប់ឈរឡើយ សូម្បីតែស្ថិតនៅក្នុងសម័យបដិវត្តន៍វប្បធម៌ ដែលឈានដល់ការបិទសាលាក៏ដោយ”។អ្នកឧកញ៉ាបន្តថា “ការសិក្សារបស់កូនចៅចិននៅសម័យនោះ មិនមែនសិក្សាចំណេះដឹងបច្ចេកទេសអ្វីនោះទេគឺគេសិក្សាខួរក្បាល គឺជំហរនយោបាយ ជាពិសេសការបណ្ដុះផ្នត់គំនិតនេះទៅកាន់យុវជន”។
អ្នកឧកញ៉ាបន្ថែមថា កាលពីដើមឡើយប្រជាជនចិននិយម ជិះកង់ធ្វើការណាស់ សូម្បីតែរដ្ឋមន្ត្រីក៏ជិះកង់ទៅធ្វើការដែរ ពីព្រោះចិនអត់ខ្ជះខ្ជាយ ។ក្រោយមកទៀតដោយសារតែប្រជាជនចិន ចាប់ផ្ដើមមានជីវភាពធូរធា គេក៏បានទិញម៉ូតូជិះវិញ ពីព្រោះគេគិតថាជិះកង់នាំខាតពេលដូច្នេះក៏ប្រើម៉ូតូជំនួស ហើយរហូតដល់ទសវត្សរ៍ទី៩០ និងឆ្នាំ២០០០ចិនក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រជាជនចិនក៏ចាប់ផ្ដើមមានជីវភាពធូរធាហើយក៏មានឡានជិះច្រើនគ្នា។
អ្នកឧកញ៉ាពុង ឃាវសែចង់សំដៅ ប្រជាជនចិនសុខចិត្តអត់ហូបរបស់ឆ្ងាញ់ៗ ដើម្បីសន្សំលុយទុកឱ្យកូនរៀន ទោះក្នុងមួយឆ្នាំរាប់ម៉ឺនយន់ក៏ចិនហ៊ានលះបង់ ដោយមិនត្រឹមតែអនាគតកូនរបស់គេទេ តែក៏សម្រាប់ប្រទេសជាតិរបស់គេដែរ។ យើងក្រលេកមកមើលចិននៅស្រុកខ្មែរមួយចំនួន ក៏ពូកែសន្សំណាស់ដែរ ឬហៅថាកំណាញ់ណាស់ មិនសូវហ៊ឺហារប៉ុន្មាននោះទេ សុខចិត្តហូបបាយជាមួយពងមាន់ពងទា តែទុកលុយឱ្យកូនទៅរៀននៅស្រុកក្រៅតម្លៃរាប់ម៉ឺនដុល្លារក៏មានដែរ ។
អ្នកឧកញ៉ាបន្ថែមថា “ចិនគេប្រកាន់នូវពាក្យស្លោកមួយ ទើបធ្វើឱ្យគេខ្លាំង ពាក្យស្លោកនោះ យុវជនខ្លាំងទើបប្រទេសខ្លាំង យុវជនមានទើបប្រទេសមាន យុវជនជាអនាគតរបស់ប្រទេស”។ លោកបន្តថា “ពាក្យខ្លាំងក្នុងន័យនេះ មិនសំដៅលើខ្លាំងខាងវាយតប់នោះទេ តែត្រូវមានសុខភាពល្អកំលាំងមាំមួន ហើយមានក៏មិនសំដៅលើ មានលុយមានកាក់មានទ្រព្យដែរ សំដៅមានចំណេះដឹង មានសមត្ថភាពនិងមានការប្ដេជ្ញាខ្ពស់”។
អ្នកឧកញ៉ាពុង ឃាវសែបញ្ជាក់ថា ប្រទេសមួយចំនួននៅលើពិភពលោក ត្រូវការពេលវេលាដល់ជិត១០០ឆ្នាំក៏មានទំរាំ កសាងបានរីកចម្រើនតែចិន បានប្រើគោលនយោបាយត្រឹមត្រូវ និងប្រើពេលតែប្រមាណ៣០ ឬ៤០ឆ្នាំ ក៏ក្លាយជាប្រទេសមួយខ្លាំង នៅលើពិភពលោក ដូច្នេះកម្ពុជាក៏ជាប្រទេសមួយត្រូវផ្ដើមចេញពីពលរដ្ឋ ដើម្បីកសាងប្រទេសមួយដែលខ្លាំង ខណៈរដ្ឋាភិបាលយើងក៏រង់ចាំគាំទ្រជាស្រេច៕