ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែវិបត្តិកូវីដបានធ្វើឲ្យការងារមួយចំនួនជួបភាពរាំងស្ទះ។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៨ សីហាកន្លងមកថា ដោយសារភាពចាំបាច់ និងឆន្ទៈក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម ក្នុងសេដ្ឋកិច្ចជាបន្តបន្ទាប់ ដូចជា បញ្ហាអគ្គិសនី បញ្ហាទឹក បញ្ហាប ណ្តាញគមនាគមន៍ និងកាត់បន្ថយការិយាធិបតេយ្យជាដើម។
-->

លោកបន្តថា “ការងារនេះបានធ្វើមួយដំណាក់ និងធ្វើតាមដំណាក់ៗ មិនអាចធ្វើភ្លាមបានភ្លាមនោះទេ ប៉ុន្តែខ្ញុំឃើញរដ្ឋាភិបាលមានឆន្ទៈមោះមុត ក្នុងការធ្វើកិច្ចការនេះ”។លោកបន្តថា “អ្វីដែលលោកមោទនភាព គឺក្រុមការងារប្រយុទ្ឋប្រឆាំងជំងឺកូវីដ ពិសេសក្រុមការងារចាក់វ៉ាក់សាំង ដែលបានធ្វើយ៉ាងល្អ ដោយធ្វើការងារតាមបទបញ្ញត្តិ និងមានការប្តេជ្ញាចិត្តខ្ពស់”។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ទោះជាយ៉ាងណាការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានាបានរងការរំខានខ្លះ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលវាជាបញ្ហាស្នូលមួយនៅកម្ពុជា និងជាបញ្ហាមួយដែលរារាំង ដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរឡើងពីមួយឆ្នាំៗ ដោយរដ្ឋាភិបាល បានកាត់បន្ថយការិយាធិបតេយ្យ និងបានកែទម្រង់ជាបន្តបន្ទាប់ ពិសេសបានបង្កើតគោលនយោបាយថ្មីៗ ដែលលើកទឹកចិត្តដល់វិស័យឯកជន ទាំងអ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីបោះទុនវិនិយោគនៅកម្ពុជា។
លោកបន្តថា “ច្បាប់វិនិយោគថ្មីដែលអនុម័តនៅពេលខាងមុខ នឹងផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិជាមួយគោលនយោបាយ កាន់តែបើកចំហជាងមុន និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ដល់អ្នកវិនិយោគជាតិ អន្តរជាតិ”៕