ដោយៈវឌ្ឍនៈ
ភ្នំពេញៈ វិបត្តិទីផ្សារមៀនឆ្នាំ២០២១នេះ ត្រូវដោះស្រាយជាបន្តបន្ទាប់ តាមរយៈគោលនយោបាយរបស់ពេលខ្លី របស់ប្រមុខរាជរដ្ឋាភិបាល ដោយសម្ដេចតេជោហ៊ុនសែន បានប្រកាសទិញពីកសិករ ដើម្បីចែកជូនដល់កងកំលាំងប្រដាប់អាវុធ ពេទ្យ និងមន្ត្រីរាជការ។
ថ្មីៗនេះក៏មានសប្បុរសជាច្រើន ក៏បានប្រកាសទិញមៀនពីកសិករ ដើម្បីសម្រួលបន្ទុកវិបត្តិទីផ្សារនេះដែរ ជាក់ស្ដែងអ្នកឧកញ៉ាឡេង ណាវ៉ាតា្របានប្រកាសទិញមៀនពីកសិករហូតដល់១០០០តោន ដើម្បីលក់ក្នុងផ្សារក្នុងតម្លៃខាតដើម។
-->

បើតាមការប្រកាសរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រានៅថ្ងៃទី១៩សីហា ២០២១នេះឱ្យដឹងថា “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោក”។ អ្នកឧកញ៉ាបន្តថា “ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ”។
លោកបានប្រកាសថា ក្នុងផ្សារឡេង ណាវ៉ាត្រា គឺលោកលក់តែ១៩០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម និងបានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមគាំទ្រមៀនរបស់ប្រជាកសិករកម្ពុជា ក៏ដូចជា ការជួយសម្រួលដល់ប្រជាពលរដ្ឋដាំមៀនផងដែរ ។
ជាមួយគ្នានេះ លោកសួន ជុំ សមាជិកក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន និងជាកសិករដាំមៀននៅប៉ៃលិនដែរនោះ បានឱ្យដឹងថា ការជួយទិញមៀនពីកសិកររបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាសប្បុរសជននៅកម្ពុជានាពេលនេះ វាបានជួយសម្រួលកសិករនិងការខាតបង់របស់កសិករនៅឆ្នាំនេះ ខណៈមៀនជាច្រើនអាចនឹងត្រូវចាក់ចោលទៅហើយ។
លោកបន្តថា “យ៉ាងណាវិធានការនេះ វាគ្រាន់តែជាវិធានការដោះស្រាយបញ្ហាទីផ្សារបន្ទាន់ប៉ុណ្ណោះ ដូច្នេះវាមិនអាចជាយុទ្ធសាស្ត្រយូរអង្វែងទេ តែលោកជឿថារដ្ឋាភិបាលលោកនឹងរកទីផ្សារសម្រាប់រយៈវែង ដល់ទីផ្សារមៀនកម្ពុជា ដូចជា ការរកទីផ្សារនៅប្រទេសជាដើម”៕