ខណ្ឌដង្កោគ្រប់គ្រងទីផ្សារលំនៅឋានតម្លៃទាបច្រើនជាងគេនៅភាគខាងត្បូងក្រុងភ្នំពេញ

0

ដោយៈសហការី

ភ្នំពេញៈ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោគឺជាទីតាំងដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ សម្រាប់សាងសង់លំនៅឋានតម្លៃទាប ក្នុងចំនួនយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍សិក្សា ទីតាំងភូមិសាស្រ្តនៅភាគខាងត្បូង រាជធានីភ្នំពេញរបស់ក្រុមហ៊ុន CBRE បានឲ្យដឹងថា ដង្កោគឺជាខណ្ឌមួយ ដែលមានការផ្គត់ផ្គង់លំនៅឋានតម្លៃទាបច្រើនជាងគេចំនួន៥៥% នៃចំណែកទីផ្សារសរុប ខណៈ​ដែលខណ្ឌមានជ័យ​មានចំណែកទីផ្សារ៣២% និងស្រុកកណ្ដាលស្ទឹងចំនួន១៣%។ ដោយឡែកសម្រាប់គម្រោងលំនៅឋានតម្លៃមធ្យមវិញ​ ខណ្ឌមានជ័យមានការផ្គត់ផ្គង់រហូតទៅដល់៥៣% ខណៈ​ខណ្ឌដង្កោមានចំនួន​៤២% និងក្រុងតាខ្មៅចំនួន៥%។​​​

ការកើនឡើងនៃគម្រោងលំនៅឋាន តម្លៃទាបនៅក្នុងស្រុងកណ្ដាលស្ទឹង ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ​ កំពុងបង្ហាញអំពីសក្ដានុពល ​ទៅកាន់អ្នកអភិឌ្ឍន៍ជាតិ​​​ និងអន្តរជាតិ ឱ្យយល់ដឹងកាន់តែច្បាស់ អំពីតម្រូវការរបស់ប្រជាជន នៅក្នុងតំបន់មួយនេះ។

នៅក្នុងពេលអនាគតដ៏ខ្លី​ ដីធ្លី​ដែលមានតម្លៃទាប រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ នឹងទាក់ទាញវិនិយោគិនជាច្រើន មកអភិវឌ្ឍន៍គម្រោងលំនៅឋាន​​ជាបន្តបន្ទាប់​នៅភាគខាងត្បូង។​ បច្ចុប្បន្ន គម្រោង R&F City Mansion ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍលំនៅឋានធំជាង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍពាណិជ្ជកម្ម និងលំនៅឋាន ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧.៧ ហិកតា​ ដោយផ្ទៃសាងសង់មានទំហំ៥៦០.០០០ ម៉ែត្រការ៉េ​។

របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២១​ របស់ CBRE បានលើកឡើងថា គម្រោ​ងលំនៅឋាន ក្នុងតំបន់ភាគខាងត្បូង នឹងកើនឡើងច្រើនថែមទៀត ដោយសារតម្លៃដីធ្លីក្នុងតំបន់នោះនៅទាបនៅឡើយ។ គម្រោងលំនៅឋាន ដែលស្ថិតនៅក្នុង​ខណ្ឌដង្កោ ខណ្ឌមានជ័យ​ ស្រុកកណ្តាលស្ទឹង​ និ​ងក្រុងតាខ្មៅ រហូតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ចំនួន៥៤​គម្រោង ខណៈដែលគម្រោង​ចំនួន៣០ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។​​

ទន្ទឹមគ្នានេះ នៅភាគខាងត្បូង ក៏មានគម្រោងអភិវឌ្ឍលំនៅឋានខុនដូ មួយចំនួនផងដែរ ក្នុងនោះ​គម្រោងខុនដូចំនួន៣ ដែលមានលំនៅឋានសរុបជាង១០០០ យូនីត បានបញ្ចប់ការសាងសង់ជាស្ថាពរ។​ នាពេលអនាគត ​តំបន់នេះ​នឹងមានចំនួនលំនៅឋានប្រមាណ ៣.៦០០យូនីតបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ នៅក្នុងឆ្នាំ២០២៣​​​ ខាងមុខ៕

https://www.harbor-property.com/km/wiki/detail/232

LEAVE A REPLY

Please enter your comment!
Please enter your name here