ដោយៈសុខហេង
ភ្នំពេញៈ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័ន ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧គីឡូម៉ែត្រ ពីចំណុចភ្ជាប់ផ្លូវជាតិលេខ៣ ដល់ព្រំដែនកម្ពុជា វៀតណាម។
គម្រោងនេះស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើង កាលពីថ្ងៃ២០ ខែសីហា ឆ្នាំ២០២១កន្លងទៅ ក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងទាក់ទង និងផលប៉ះពាល់ និងដំណោះស្រាយ និងដំណាក់កាលសាងសង់ មុនពេលបិទបញ្ចប់ការសិក្សាលម្អិត ដើម្បីធ្វើការដោះស្រាយចំគោលដៅ ទាន់ពេលវេលា និងធ្វើឱ្យផ្លូវថ្នល់ទទួលបានគុណភាពត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស។
ផ្លូវជាតិលេខ៣៣ មានប្រវែងសរុប៥២,៥៧គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៣ (ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០) ដល់ ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ខេត្តកំពត និងក្រុងកែប ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយទទួលបានការសិក្សាដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។
ការសាងសង់គម្រោងត្រូវការរយៈពេលសរុប២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕