ក្រុមហ៊ុនវិនិយោចិនដ៏ធំមួយគ្រោងបង្កើនទុនវិនិយោគ១៦ពាន់លានដុល្លារលើគ្រោង វិនិយោគមួយនៅខេត្តព្រះសីហនុ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគរបស់អ្នកវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា ព្រីនស៍រៀលអ៊ីស្ទេតគ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន បានបណ្ដាក់ទុនទឹកប្រាក់ជាច្រើនមកដល់សព្វថ្ងៃនេះ។

ជាពិសេសក្រុមហ៊ុននេះបានវិនិយោគ លើគម្រោងអចលនទ្រព្យធំៗនៅក្នុងប្រទេ​សកម្ពុជា គឺបានក្ដោបក្ដាប់ដោយក្រុមហ៊ុនមួយនេះផងដែរ ។ ថ្មីៗនេះក្រុមហ៊ុនវិនិយោគមួយនេះបានបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍទីក្រុងរាម និងបានប្ដេជ្ញាថា នឹងជំរុញការវិនិយោគគម្រោងមួយនេះ ឱ្យបានដល់១៦ពាន់លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន វិនិយោគលើគម្រោងអភិវឌ្ឍន៍ទីក្រុងរាមបានឱ្យដឹងថា ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយ នៅប្រទេសកម្ពុជាក្នុងគោលបំណង ធានាបាននូវការវិនិយោគ សម្រាប់តំបន់នេះសរុបប្រមាណ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងចម្ងាយ១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានគោលបំណងរួមចំណែក ដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។

នាពេលខាងមុខនេះ ព្រីនស៍ ហូលឌីង គ្រុបកំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់ នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ទៅក្នុងវិស័យសំខាន់ៗ ដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់ ។
លោក Liu Guodong អ្នកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនព្រីនស៍ហ័នយូជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនព្រីនស៍គ្រុបបានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដ១៩ក្ដី តែក្រុមហ៊ុនព្រីនស៍នៅតែបន្តបោះទុន វិនិយោគប្រកបដោយភាពជឿជាក់ ពីព្រោះក្រុមហ៊ុនផ្នែកមានហិរញ្ញវត្ថុរឹងមាំ និងមិនងាយមានវិបត្តិហិរញ្ញវត្ថុឡើយ។

លោកបន្តថា “នៅក្នុងវិបត្តិយើងក៏បានអភិវឌ្ឍន៍គម្រោងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការនៅពេលនេះផង នៅនៅពេលអនាគតផង”។

លោកបន្តថា នៅក្នុងវិបត្តិកូវីដ១៩នេះ វាជាឱកាសមួយសម្រាប់អ្នកចង់ទិញអច​លនទ្រព្យ ពីព្រោះពួកគេមានអាទិភាព ក្នុងការចរចា និងទទួលបានការបញ្ចុះតម្លៃពិសេសៗជូន ។

លោកLiu Guodorngបានបន្តជឿជាក់ថា “នៅក្នុងពេលអនាគតប្រទេសកម្ពុជានឹងមានការរីកចម្រើន ដូចនឹងប្រទេសជិតខាងនៅពេលនេះផងដែរ ពីព្រោះសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏មិនខុសពីស្ថានភាពប្រទេសជិតខាង កាលពីអតីតកាលនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here