ដោយៈសុខុម
ក្រុងអូតាវ៉ា: នាយករដ្ឋមន្ត្រីកាណាដាJustin Trudeauបានសន្យាថា នឹងដាក់ចេញបម្រាមមិនឱ្យជនបរទេសទិញផ្ទះរយៈពេល២ឆ្នាំ ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានឡើងថ្លៃខ្ពស់នៅក្នុងប្រទេសនេះ ប្រសិនបើលោកជាប់ឆ្នាំមួយអាណត្តិទៀត។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី២៥ សីហា នេះ។

-->
ការសន្យារឹតបន្តឹងទីផ្សារអចលនទ្រព្យ ប្រភេទលំនៅដ្ឋាននេះ គឺដើម្បីទប់តម្លៃផ្ទះដែលហក់ឡើងខ្ពស់ យ៉ាងរហ័សអំឡុងវិបត្តិកូវីដ-១៩។ ការឡើងថ្លៃផ្ទះ បានក្លាយជាបញ្ហាដ៏សំខាន់មួយ ក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតថ្ងៃទី២០ ខែកញ្ញា ឆ្នាំនេះដែលលោក ទ្រូដូ សង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងសភា ព្រោះគណបក្សធំៗទាំង៣សុទ្ធតែសន្យាថានឹងរឹតបន្តឹងទីផ្សារលំនៅដ្ឋាន។
នៅឯព្រឹត្តិការណ៍ធ្វើយុទ្ធនាការឃោសនា រកសំឡេងគាំទ្រនៅក្រុង Hamilton ក្នុងខេត្ត Ontario លោក ទ្រូដូ បានថ្លែងថា “បងប្អូនមិនគួរចាញ់សង្គ្រាមដេញថ្លៃ ទិញផ្ទះរបស់បងប្អូនក្រោមកណ្ដាប់ដៃឈ្មួញ ទិញផ្ទះទុកចំណេញឡើយ”។ លោកបន្តថា “ទ្រព្យសម្បត្តិរបស់ជនបរទេស លែងអាចយកមកបង្កប់ទុកក្នុងផ្ទះ ដែលមនុស្សគួររស់នៅទៀតហើយ”។

ប្រជាពលរដ្ឋកាណាដា មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទីផ្សារលំនៅ ដ្ឋាន ដែលហក់ឡើងថ្លៃកាន់តែខ្ពស់ ដោយសារអ្នកទិញជាជនបរទេស ជាពិសេសនៅទីក្រុង Vancouver ដែលទីផ្សារលំនៅដ្ឋានត្រូវប៉ាន់ខ្លាំង ក្នុងចំណោមជនជាតិចិន ទៅពីក្រុងហុងកុង និងចិនប៉េកាំង ដែលមិនមែនជាអ្នករស់នៅអចិន្រ្តៃយ៍។
ការលក់ផ្ទះបន្តឱ្យទៅម្ចាស់ថ្មីបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីសកម្មភាពលក់ដូរផុសផុលខ្លាំង ប៉ុន្តែតម្លៃនៅតែខ្ពស់ខ្លាំងដដែល។
យោងតាមសមាគមអចលនទ្រព្យកាណាដា (CREA) ឱ្យដឹងថា តម្លៃផ្ទះជាមធ្យមមួយខ្នងលក់ ក្នុងតម្លៃ៦៦៩.២០០ដុល្លារកាណាដា (៥២៩.៨៤០ដុល្លារអាមេរិក) ក្នុងខែកក្កដា ដោយកើនឡើងដល់ទៅ១៦% បើធៀបទៅនឹងឆ្នាំ២០២០។
ក្រុមមន្ត្រីមកពីគណបក្សសេរីនិយម (Liberal Party) ក៏កំពុងស្នើឱ្យមានបម្រាមលើការដេញថ្លៃកំបាំងមុខ គណនីសន្សំរួចពន្ធសម្រាប់អ្នកទិញផ្ទះដំបូង និងការត្រួតពិនិត្យបន្ថែមទៀត លើឧស្សាហកម្មអចលនទ្រព្យផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។ ពួកគេក៏ប្តេជ្ញាបន្ថែម ឬជួសជុលផ្ទះចំនួន១,៤លានខ្នងទៀត សម្រាប់ទីផ្សារលំនៅដ្ឋានក្នុងរយៈពេល៤ឆ្នាំខាងមុខនេះផងដែរ។
លោក ទ្រូដូ បានថ្លែងក្នុងពិធីធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រថា “វាមិនមែនជារឿងធម្មតាឡើយ ដែលសហគមន៍ដែលបងប្អូនទាំងអស់គ្នាធំដឹងក្ដី មិនមែនជាកន្លែង ដែលបងប្អូនអាចកសាងជីវិតរស់នៅ ចិញ្ចឹមគ្រួសារ ឬរស់ដល់ចាស់បាន។ នោះក៏ព្រោះតែអ្នកទាំងអស់គ្នា បាត់បង់ឱកាសក្នុងរូបភាពអយុត្តិធម៌”៕