ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌបានឱ្យដឹងថា ផ្លូវរត់ទី១ (Runway1) ព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង នឹងបញ្ចប់ការស្ថាបនាឱ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខ ដោយផ្លូវរត់នេះមានទទឹង១០០ម៉ែត្រ បណ្ដោយ៤០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតា។
លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងឱកាសផ្ដល់វិញ្ញាបនបត្រសំគល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ចំនួន១៦នាក់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។
លោកបន្តថា “ការបង្កើតគម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាលលើផ្ទៃដី២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ ហិកតា”។លោកបានបន្ថែមថា “ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ កើតមានឡើងនៅលើទឹកដីកំណើតរបស់ខ្លួន”។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី វិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ។ អាកាសយានដ្ឋាននេះ សាងសង់ឡើងលើផ្ទៃដីទំហំ២,៦០០ហិកតា គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ សមត្ថភាពប្រលាននេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC ធ្លាប់បានមានប្រសាសន៍ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។
ក្រោយពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន៣០លាននាក់នៅឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ វានឹងអាចទទួលអ្នកដំណើររហូតដល់៥០លាននាក់ស្របតាមផែនការមេ៕