ដំណឹងល្អៈ នាវាលួចដឹកប្រេងកម្ពុជាចេញត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់បានហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីបាត់ដំណឹងមួយរយៈ ទីបំផុតកងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿង និងនាវិករបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅជិត៣០ម៉ឺនធុង ពីទុនបំរុងរបស់ប្រទេ​សកម្ពុជា ។

ពួកគេបាននិយាយថា នាវាMT Strovolos ដែលមានទង់ជាតិប្រទេសបាហាម៉ា ត្រូវបានគេរឹបអូសមកកាលពីថ្ងៃទី២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រា ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិដើម្បីរឹបអូសកប៉ាល់នេះ ដោយអះអាងថា កប៉ាល់នេះបានលួចយកប្រេងឆៅរបស់ប្រទេ​សកម្ពុជា ។

កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន១៣នាក់ ជនជាតិបង់ក្លាដេស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី ។

កងទ័ពជើងទឹកនិយាយទៀតថា កប៉ាល់ដឹកប្រេងដែលមានប្រវែង១៨៣ម៉ែត្រ ដែ​លធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះBatam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កាដោយខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះនេះ ។ពួកគេបន្ថែមថា កាពីតែនបង់ក្លាដែស អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់១៤,០០០ដុល្លារ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ ។

មេបញ្ជាការកងនាវាចរទី ១ លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពជើងទឹកឥណ្ឌូណេស៊ី នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីឡើយ”។

អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា នាវាដឹកប្រេងនេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗ របស់កម្ពុជា ក្នុងការទាញយកប្រេងផ្ទាល់ខ្លួន ។

ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួន និងបានដាក់ពាក្យប្តឹងឲ្យរំលាយនៅខែមិថុនា ប៉ុន្តែនៅតែមានការចោទប្រកាន់ថា ជំពាក់លុយក្រុមនាវិកដដែរ ។

ស្របពេលជាមួយគ្នានេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលកម្ពុជាបានប្រាប់AFPថា “ក្រុមហ៊ុនបានរាយការ​ណ៍មករដ្ឋាភិបាលរបស់យើងថា នាវាដឹកប្រេងមួយគ្រឿងនេះ បានលួចយកប្រេង ហើយមានប្រេងឆៅប្រមាណ២៩ម៉ឺនបារ៉ែលនៅលើនាវានេះ” ។

លោកបន្ថែមថា “ប៉ុន្តែនាវាដឹកប្រេងបាននិយាយថា ក្រុមហ៊ុន KrisEnergy ជំពាក់លុយគេ ហើយប្រទេសទាំងពីរកំពុងធ្វើការ លើផែនការបញ្ជូនប្រេងមកកម្ពុជាវិញ” ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here