ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនទូរទស្សន៍ចំនួន៣នៅកម្ពុជា រួមមាក្រុមហ៊ុនCBS របស់ រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរសទ្សន៍ហង្សមាស និងក្រុមហ៊ុនទូរទស្សន៍បាយ័ន បានរួមគ្នាក្នុងការបណ្ដាក់ទុនវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលតែមួយនៅម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៦ សីហា២០២១នេះ ក្រោយពិធុះហត្ថលេខារួមគ្នានៅព្រឹកនេះដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ថ្នាលទូរទស្សន៍ឌីជីថលជាតិ ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាល ទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធDVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាព សុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
-->
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា “លោកជំទាវពិតជាមាន សេចក្តីសោមនស្សរីករាយ ក្នុងការសហការគ្នាបង្កើតថ្កោលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ”។

ចំណែកអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ការរួមគ្នារវាងក្រុមហ៊ុនទូរទស្សន៍ធំៗ នៅកម្ពុជាទាំង៣ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយឱ្យទៅជាប្រព័ន្ធឌីជីថល ពេញលេញនិងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបានសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។
ជាមួយគ្នានេះ លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដាថ្មីស្រឡាងមួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែកកម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះ ជាថ្នាលប្រមូលផ្ដុំនៃកម្ម វិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និងទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្ដល់ជូនចំណីចក្ខុ ដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services”។
លោកឧកញ៉ាបន្តថា “នេះជាភាពរីកចម្រើនមួយដ៏ធំ ក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ស្របតាមគោល នយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤”។លោកបន្តថា “ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខ ទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិត ឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែកពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ”៕