ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានអនុម័តទុនវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជាង២៥០០លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប២២៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគជាង២,៥០០លានដុល្លារ ថយចុះ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកឡៅ ទិព្វសីហាបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារៈសំណង់នាំចូល គឺបានថយចុះទាំងអស់ ដោយសារវិបត្តិកូវីដ១៩។
ជាក់ស្ដែង ធនាគារជាតិធ្លាប់ចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។

ទោះជាយ៉ាងណា លោកឡៅ ទិព្វសីហាបានថ្លែងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។
ទោះក្នុងវិបត្តិកូវីដក្ដី ក្រសួងក៏បន្តរឹតបន្តឹងច្បាប់សំណង់ ដើម្បីពង្រីកគុណភាពសំណង់ និងការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស៕