កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងតំបន់ ផ្ដល់ឱកាសឱ្យកម្ពុជាអាច ទាក់ទាញវិនិយោគិនថ្មីៗ

0

ដោយៈតារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងមានឱកាសជាច្រើន ក្នុងការចាប់យកវិនិយោគិនថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបានពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការទទួលបានភាពអនុគ្រោះពន្ធ GSP ជាពិសេសកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប ដែលនឹងអាចឆក់ស្រូបបង្កើនល្បឿននៃការវិនិយោគកាន់តែខ្លាំងក្លា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានមាន​ប្រសាសន៍បានឱ្យកាលពីព្រឹកថ្ងៃទី២៦ សីហាកន្លងមកថា នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើនបន្តបន្ទាប់ ទោះបីចំនួននេះអាចថមថយតិចតូចក៏ដោយ តែកម្ពុជានៅតែមានឱកាសក្នុងការទាក់ទាញ និងការចាប់យកវិនិយោគិនថ្មីៗបន្ថែមជាច្រើនទៀត ជាពិសេសវិស័យទេសចរណ៍ ដូចជាការបង្កើតនូវតំបន់ទេសចរណ៍នានា និងការបង្កើតរោងចក្រឧស្សាហកម្មផ្សេងៗជាដើម ព្រោះកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប បើធៀបទៅនឹងបណ្តាប្រទេសនានាលើពិភពលោក។

លោកបណ្ឌិតបានបន្តថា “ក្រៅពីការជំរុញភាពទាក់ទាញអ្នកវិនិយោគ កម្ពុជានឹងអាចឈានធ្វើពិពិធកម្ម ប្រែក្លាយវិស័យសក្តានុពលជាច្រើន ដូចជាការប្រែក្លាយវិស័យកសិ​កម្ម ទៅកសិ-ឧស្សាហកម្ម ការប្តូរផ្លាស់ពីសិប្បកម្ម ទៅជាឧស្សាហកម្ម និងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកាត់ដេរ ទៅប្រើប្រាស់គ្រឿងអេឡិចត្រូនិក ជាដើម”។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បនាលើកឡើងដែរថា ការដែលកម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បង គឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញការចាក់វ៉ាក់សាំងបានលឿន និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ការទទួលបានភាពអនុគ្រោះពន្ធGSP និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ​យចិន និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យវិនិយោគិន កំពុងសម្លឹងមើល ឱកាសវិនិយោគនៅកម្ពុជា។

នៅឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៨៧គម្រោង បានធ្លាក់ចុះ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង២៩០០លានដុល្លារ កើនឡើងជិត១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here