ដោយៈតារា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងមានឱកាសជាច្រើន ក្នុងការចាប់យកវិនិយោគិនថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបានពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការទទួលបានភាពអនុគ្រោះពន្ធ GSP ជាពិសេសកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប ដែលនឹងអាចឆក់ស្រូបបង្កើនល្បឿននៃការវិនិយោគកាន់តែខ្លាំងក្លា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បានឱ្យកាលពីព្រឹកថ្ងៃទី២៦ សីហាកន្លងមកថា នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើនបន្តបន្ទាប់ ទោះបីចំនួននេះអាចថមថយតិចតូចក៏ដោយ តែកម្ពុជានៅតែមានឱកាសក្នុងការទាក់ទាញ និងការចាប់យកវិនិយោគិនថ្មីៗបន្ថែមជាច្រើនទៀត ជាពិសេសវិស័យទេសចរណ៍ ដូចជាការបង្កើតនូវតំបន់ទេសចរណ៍នានា និងការបង្កើតរោងចក្រឧស្សាហកម្មផ្សេងៗជាដើម ព្រោះកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប បើធៀបទៅនឹងបណ្តាប្រទេសនានាលើពិភពលោក។
-->
លោកបណ្ឌិតបានបន្តថា “ក្រៅពីការជំរុញភាពទាក់ទាញអ្នកវិនិយោគ កម្ពុជានឹងអាចឈានធ្វើពិពិធកម្ម ប្រែក្លាយវិស័យសក្តានុពលជាច្រើន ដូចជាការប្រែក្លាយវិស័យកសិកម្ម ទៅកសិ-ឧស្សាហកម្ម ការប្តូរផ្លាស់ពីសិប្បកម្ម ទៅជាឧស្សាហកម្ម និងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកាត់ដេរ ទៅប្រើប្រាស់គ្រឿងអេឡិចត្រូនិក ជាដើម”។
ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បនាលើកឡើងដែរថា ការដែលកម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បង គឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញការចាក់វ៉ាក់សាំងបានលឿន និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ការទទួលបានភាពអនុគ្រោះពន្ធGSP និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យវិនិយោគិន កំពុងសម្លឹងមើល ឱកាសវិនិយោគនៅកម្ពុជា។
នៅឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៨៧គម្រោង បានធ្លាក់ចុះ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង២៩០០លានដុល្លារ កើនឡើងជិត១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕