ក្រុមហ៊ុនលំដាប់យក្សចិន Sinopec គ្រោងចំណាយ៤,៦ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍថាមពលអ៊ីដ្រូសែន

0

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុន Sinopec Corp របស់មហាយក្សចិន គ្រោងចំណាយដើមទុនដំបូងរហូតដល់ទៅ៣០ពាន់លានយ័ន (៤,៦ពាន់លានដុល្លារអាមេរិក) លើការអភិវឌ្ឍថាមពលអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣០ សីហា។

ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប្រទេសចិនមួយនេះ បានងាកមកផលិតថាម​ពលអ៊ីដ្រូសែន និងឧស្ម័នធម្មជាតិ ដើម្បីចូលរួមចំណែកជាមួយពិភពលោក ក្នុងសកម្ម​ភាពសម្រេចគោលដៅ កាត់បន្ថយឧស្ម័នកាបូន ចូលទៅក្នុងបរិយាកាសឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។

ក្រុមហ៊ុន Sinopec Corp បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៣០ ខែសីហា ថា ខ្លួនក៏មានបំណងផលិតឥន្ធនៈអ៊ីដ្រូសែន ឱ្យបាន២០០.០០០តោនផងដែរ ក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ប្រទេសចិននេះ ត្រូវបង្កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០០ (២១ឆ្នាំមុន)។ ក្រុមហ៊ុនយក្សមួយនេះ បានចុះបញ្ជីផ្សារភាគហ៊ុននៅក្រុងហុងកុង ហើយក៏ធ្វើការជួញដូរភាគហ៊ុននៅក្រុងសៀងហៃ និងក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ។

Sinopec Group ដែលជាក្រុមហ៊ុនមេរបស់ Sinopec Corp គឺជាក្រុមហ៊ុនចម្រាញ់ប្រេង ឧស្ម័ន និងគីមីឥន្ធនៈធំបំផុតរបស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here