ដោយៈឧត្តម
ភ្នំពេញ: ផ្អែកតាមរបាយការណ៍មួយដែលមានឈ្មោះថា “South East Asia Building Automation System Market 2021-2027” បង្ហាញថា ទីផ្សារប្រព័ន្ធ Building Automation System (BAS) ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងត្រូវបានព្យាករថានឹងទទួលបានកំណើនប្រចាំឆ្នាំ៨,១%អំឡុងឆ្នាំ២០២១-២០២៧។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។
អ្វីទៅជាប្រព័ន្ធ BAS? ប្រព័ន្ធ BAS គឺជាបណ្ដាញសូហ្វែរ និងហាដវែរដែលតភ្ជាប់គ្នាសម្រាប់តាមដាន និងគ្រប់គ្រងប្រព័ន្ធបច្ចេកទេស និងអគ្គិសនីក្នុងសំណង់អគារ ដើម្បីបង្កើនសុវត្ថិភាព និងផាសុកភាពរបស់អ្នកប្រើប្រាស់អគារ។
ការកើនឡើងនូវការគាំទ្រ ពីសំណាក់រដ្ឋាភិបាល ក្នុងទម្រង់គំនិតផ្តួចផ្តើម និងកម្មវិធីនានា ដូចជា ប្រសិទ្ធភាពថាមពល និងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិរក្សរបស់ហ្វីលីពីន (Philippines Energy Efficiency and Conservation Roadmap) (ឆ្នាំ២០១៧-២០៤០) ផែនការមេស្ដីពីប្រសិទ្ធភាពថាមពល និងការអភិរក្សរបស់កម្ពុជា (Cambodia Energy Efficiency and Conservation Master Plan) ផែនការអភិវឌ្ឍន៍ឆ្នាំ២០២០ របស់ CAMEEL (CAMEEL 2020 development Plan) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍បញ្ចេញកាបូនទាបឆ្នាំ២០២០ (Low Carbon Development Initiative 2020) និងគោលនយោបាយបែបនេះផ្សេងៗទៀត រួមជាមួយកំណើនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដូចជា IoT ការវិភាគទិន្នន័យធំៗ និងបញ្ញាសិប្បនិម្មិត (AI) នឹងជួយជំរុញឱ្យទីផ្សារប្រព័ន្ធ BAS នៅក្នុងតំបន់ទទួលបានកំណើនកាន់តែខ្ពស់ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ទីផ្សារប្រព័ន្ធ BAS នៅអាស៊ីអាគ្នេយ៍ ទទួលបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ ដោយសារកំណើននៃការសាងសង់អគារខ្ពស់ៗ មិនថាជាអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាននៅ ព្រមទាំងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សក្នុងទីក្រុងកម្រិតទី២ និងកម្រិតទី៣ នៃប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ទោះជាយ៉ាងណា ការរីករាលដាលវីរុសកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដាំក្បាលចុះ ដែលបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើការវិនិយោគ ក្នុងវិស័យសំណង់ និងជាហេតុនាំឱ្យប្រាក់ចំណូលទីផ្សារធ្លាក់ចុះអំឡុងឆ្នាំ២០២០។
ថ្វីបើមានការធ្លាក់ចុះក្នុងឆ្នាំ២០២០យ៉ាងណាក្ដី ក៏ប្រាក់ចំណូលពីទីផ្សារត្រូវបានព្យាករថា នឹងទទួលបានកំណើនវិញចាប់ពីឆ្នាំ២០២១ តទៅដោយសារសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្មបានចាប់ផ្ដើមឡើងវិញ ដែលនឹងនាំមកនូវរំហូរវិនិយោគបរទេស ក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដូច្នេះហើយវានឹងជំរុញកំណើនប្រព័ន្ធ BAS នៅពេលដ៏ខ្លីខាងមុខ៕