ប្រធានាធិបតី ចូ បៃឌិន ដាក់ចេញទិសដៅបង្កើនការផ្គត់ផ្គង់ថាមពលសូឡានៅអាមេរិក ឱ្យឈានដល់៤៥%ត្រឹមឆ្នាំ២០៥០

0

ដោយសុខុម

ញូវយ៉ក: រដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃឌិន បានប្រកាសកាលពីថ្ងៃពុធ ទី៨ កញ្ញា ថា សហរដ្ឋអាមេរិក គួរតែបង្កើនការផ្គត់ផ្គង់ថាមពលសូឡា (ពន្លឺព្រះអាទិត្យ) ឱ្យបានជិត៥០%នៃការផ្គត់ផ្គង់ថាមពលសរុបនៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។

របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងថាមពលអាមេរិក បានបញ្ជាក់ថា ថាមពលសូឡាអាចនឹងគ្របដណ្ដប់រហូតដល់ទៅ៤០%នៃការផ្គត់ផ្គង់ថាមពលសរុបនៅត្រឹមឆ្នាំ២០៣៥ និងឈានដល់៤៥%នៅត្រឹមឆ្នាំ២០៥០។

ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍ថា ទោះជាយ៉ាងណា ការឈានដល់គោលដៅនេះនឹងទាមទារឱ្យសហរដ្ឋអាមេរិក បង្កើនសមត្ថភាពផលិតថាមពលសូឡាប្រចាំឆ្នាំរបស់ខ្លួនដល់ទៅ៤ដងឯណោះ។

ក្រសួងដដែលបានបន្ថែមទៀតថា ដើម្បីសម្រេចបានតាមគោលដៅនេះក៏អាស្រ័យលើការវិនិយោគសាធារណៈលើថាមពលមានភាពទូលំទូលាយកម្រិតណា ព្រមទាំងការកែប្រែគោលនយោបាយដើម្បីដកគ្រឿងលើកទឹកចិត្តសម្រាប់ការផលិតថាមពលដែលផ្អែកលើកាបូនផងដែរ។

ការបញ្ចេញរបាយការណ៍នេះធ្វើឡើង ស្របពេលលោកប្រធានាធិបតី ចូ បៃឌិន ដាក់សម្ពាធឱ្យចាត់វិធានការម៉ឺងម៉ាត់លើបញ្ហាបម្រែបម្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ នៅពេលដែលសភាពិភាក្សាដេញដោលអំពីសំណើធំៗ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះ ក្រោយពីសហរដ្ឋអាមេរិក ជួបបាតុភូតព្យុះត្រូពិចកាន់តែកំណាច និងភ្លើងឆេះព្រៃ។

ការបញ្ចេញរបាយការណ៍នេះក៏ធ្វើឡើងមិនយូរប៉ុន្មានផងដែរ ក្រោយពីសេតវិមាន ប្រកាសកាលពីខែមុនដោយកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោលដៅបង្កើនការលក់រថយន្តអគ្គិសនីឱ្យបានពាក់កណ្ដាលនៃការលក់រថយន្តសរុបនៅសហរដ្ឋអាមេរិក ជាគោលដៅដ៏មោះមុតមួយទៀតដែលនឹងពឹងផ្អែកលើភាពស្របគ្នានៃគោលនយោបាយសាធារណៈ ការវិនិយោគក្នុងវិស័យឯកជន និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់៕ Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here