ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងសំណង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការកើនឡើងនេះ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏បានកើនឡើងផងដែរ ដែលជាកត្តាធ្វើឲ្យចំណេះដឹង ទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់គឺជារឿងមួយដែលចាំបាច់។

-->
វិទ្យាស្ថានរ៉ូយ៉ាល់ ឆាធី អេខេឌិមី (RCA) ដែលជាវិទ្យាស្ថានកំពុងផ្តល់វគ្គសិក្សាទាក់ទងនឹងវិស័យនេះ បានចែករំលែកចំណេះដឹងមូលដ្ឋានមួយចំនួនរួមមាន៖
លទ្ធកម្ម (Procurement)
មានសារៈសំខាន់ក្នុងការគ្រប់គ្រងសំណង់ ពីព្រោះអ្នកសាងសង់គឺត្រូវដឹងអំពី ទំនាក់ទំនងនៃកិច្ចសន្យា (Contract Relationship) រវាងអ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ។ កិច្ចសន្យានេះមានច្រើនប្រភេទ ដូចជា កិច្ចសន្យាការបង់ប្រាក់តែមួយលើក (a lump sum) កិច្ចសន្យាការរចនានិងសាងសង់ កិច្ចសន្យាគ្រប់គ្រងដើម្បីបំពេញតាមតម្រូវការដែលផ្អែកលើពេលវេលា ការចំណាយ និងគុណភាព។ លទ្ធកម្មសមរម្យនាំឲ្យមានការគ្រប់គ្រងសំណង់ល្អប្រសើរជាងមុន។
ការដេញថ្លៃ (Tendering)
ជាផ្នែកមួយនៃការគ្រប់គ្រងសំណង់ ដែលសិក្សាទៅលើទំនាក់ទំនង នៃកិច្ចសន្យា រវាងអ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ និងកិច្ចសន្យារវាងអ្នកម៉ៅការ ជាមួយអ្នកម៉ៅការរងផងដែរ។ ក្នុងដំណាក់ការដេញថ្លៃនេះ រួមមានការសិក្សាលើ កត្តាដែលប៉ះពាល់ដល់ដំណើរការ និងការវាយតម្លៃនៃការដេញថ្លៃពីអ្នកម៉ៅការ និងអ្នកម៉ៅការរង។
ការដេញថ្លៃនឹងត្រូវផ្តល់ជូនទៅអ្នកម៉ៅការ ឬអ្នកម៉ៅការរង ដែលអាចធ្វើបានតាមលក្ខខណ្ឌនិងតម្រូវការ នៃដំណើរការនៃគម្រោងសំណង់ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។
បចេ្ចកវិទ្យាសំណង់ (Construction Technology)
ជាចំណេះដឹងមូលដ្ឋានមួយ សម្រាប់ឲ្យអ្នកពាក់ព័ន្ធនឹងផ្នែកសំណង់ ស្វែងយល់ពីសម្ភារៈសំណង់ វិធីសាស្ត្រសាងសង់អគារ។ ចំណេះដឹងនេះគឺជាតម្រូវការចាំបាច់សម្រាប់ធ្វើឲ្យការរចនា របស់ស្ថាបត្យករអោយក្លាយសំណង់ពិត។
ឧទាហរណ៍ដូចជា KLCC Twin Towers នៅប្រទេសម៉ាឡេស៊ី អគារបេតុងតៃប៊ិ១០១ និងអគារ Burj Khalifa ដែលជាអាគារខ្ពស់ជាងគេនៅក្នុង Dubai អគារទាំងនេះសុទ្ធសឹងតែឆ្លងកាត់ ការប្រើបចេ្ចកទេសវិទ្យាសម្ភារៈសំណង់ វិធីសាស្ត្រសាងសង់ និងការអភិវឌ្ឍន៍ក្នុងការសាងសង់។

ការគ្រប់គ្រងការដ្ឋាន (Site Management)
វាជាការងារមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រងកម្មករក្នុងការដ្ឋាន ការគ្រប់គ្រងសម្ភារៈ ឧបករណ៍ ម៉ាស៊ីន និងលំដាប់ការងារ ដើម្បីសម្រេចគោលដៅឲ្យទាន់ពេលវេលា។ សុវត្ថិភាពក្នុងការដ្ឋានគឺជាកត្តាដ៏សំខាន់មួយទៀត ដែលត្រូវតែអនុវត្តឲ្យបានល្អបំផុត ដើម្បីជាការជួយឲ្យកម្មករធ្វើការដោយសុវត្ថិភាព៕