ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ខេត្តពោធិ៍សាត់នឹងក្លាយជាខេត្តទាក់ទាញ ដ៏មានសក្ដានុពលមួយសម្រាប់វិស័យឧស្សាហកម្ម និងអចលនទ្រព្យ បន្ទាប់ពីខេត្តនេះ ទទួលបានគម្រោងវិនិយោគធំមួយកាលពីពេលថ្មីៗនេះ គឺគម្រោងរោងចក្រដំឡើងរថយន្តហ្វត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីពេលថ្មីនេះបានឲ្យដឹងថា រោងចក្រដំឡើងរថយន្តហ្វត នឹងលេចរូបរាងនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នៅពេលឆាប់ៗនេះ ជាមួយនឹងទុនវិនិយោគប្រមាណជាង២០លានដុល្លារ ។ វានឹងផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋជាច្រើនផងដែរ ទាក់ទាញការវិនិយោគពីក្រុមហ៊ុននិងគម្រោងផ្សេងៗជាច្រើនទៀត។
លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា រោងចក្រផ្គុំនិងដំឡើងរថយន្តហ្វនៅកម្ពុជា ត្រូវសាងសង់លើផ្ទៃដីជាង៤ហិចតា ក្នុងស្រុកក្រគរ ចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ។ គម្រោងនេះ នឹងលើកមុខមាត់ខេត្តពោធិ៍សាត់បន្ថែមទៀត តាមរយៈការទាក់ទាញឱ្យការវិនិយោគបន្ថែម នៅក្នុងតំបន់ឧស្សាហកម្ម ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានសម្លឹងមើលពីសក្ដានុពលនិងឱកាស ចំពោះការវិនិយោគនៅក្នុងខេត្តមួយនេះផងដែរ ដោយសារតែរដ្ឋាភិបាលបានសាងសង់ផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងៗ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ទេសចរ និងវិនិយោគិន ។ផ្លូវសំខាន់ៗ ដែលត្រូវបានមើលឃើញថាជំរុញសក្ដានុពលវិនិយោគខេត្តពោធិ៍សាត់ រួមមាន ផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ដូចជាផែនការបើកច្រកព្រំដែនកម្ពុជាថៃផងដែរ។
យោងតាមក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Zillion Holding បានឱ្យដឹងផងដែរថា តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវលេខ១០ ហាក់មានកំណើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈផ្លូវមួយនេះតភ្ជាប់ខេត្តសំខាន់ៗចំនួន៣ រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងទៅកោះកុង ដែលវាបានក្លាយជាផ្លូវ ដែលមានចរាចរណ៍មមាញឹក ដឹកជញ្ជូនទំនិញឆ្លងកាត់កម្ពុជាថៃ និងសម្រាប់ទេសចរធ្វើដំណើរឆ្លងកាត់ផងដែរ។
លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបុរីភួ ពុយដែលបានវិនិយោគលើផ្ទៃដីជាច្រើនហិកតានៅសង្កាត់លលក “ស” ក្រុងពោធិសាត់បានមានប្រសាសន៍ថា ខេត្តពោធិសាត់មានសក្តានុពលខ្ពស់ ព្រោះប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះមានជីវភាពល្អប្រសើរ ហើយពីបណ្តាស្រុកមួយ ទៅមួយជីវភាពរបស់ប្រជាពលរដ្ឋមានប្រហាក់ប្រហែលគ្នា។
លោកបន្តថា “ខេត្តនេះនឹងមានភាពរីកចម្រើនបន្ថែមទៀត នាពេលអនាគត ដោយសារគោលនយោបាយរដ្ឋាភិបាល អាជ្ញាធរខេត្តបាននិងកំពុងធ្វើឲ្យខេត្តនេះ ទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់”៕