ដោយៈ តាររះ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានធ្វើសេចក្តី ជូនដំណឹងដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ឋអេឡិកត្រូនិក ត្រូវមកសុំច្បាប់ ខណៈក្រសួងបានដាក់ឱសានវាទកំណត់ផាកពិន័យ ឬបញ្ឈប់អាជីវកម្ម ចាប់់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងលេខ ១១៤៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះក្រសួងពាណិជ្ជកម្មសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។
ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច-ត្រូនិកឱ្យបានមុន ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។
សេចក្តីជូនដំណឹងដដែលបានបន្តថា ចាប់ពីថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានា ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន៕