អ្នកជំនាញហិរញ្ញវត្ថុបង្ហាញពីរូបមន្តលំហូរសាច់ប្រាក់សម្រាប់ទិញផ្ទះ ដើម្បីជៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ

0

ដោយៈលក្ខិណា

ភ្នំពេញៈ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានបង្ហាញពីរូបមន្តមួយក្នុងការទិញផ្ទះតាមលទ្ធភាព ដើម្បីគេចផុតពីវិបត្តិហិរញ្ញវត្ថុនៅពេលអនាគត។

លោកង៉ែត ជូជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជា​មួយរូបបានបង្ហាញពីរូបមន្ត៣០/ ៣០/៣ ក្នុងការទិញផ្ទះរស់នៅ ដោយសេរីភាពហិរញ្ញវត្ថុ ។

តើរូបមន្ត៣០/៣០/៣ជាអ្វី និងត្រូវអនុវត្តន៍បែបណា ដែលលោកជូបានលើកឡើង?
គោលការណ៍ទី១
ចំនួនប្រាក់បង់រំលស់ប្រចាំខែ មិនគួរលើសពី៣០% នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធ រកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី៤៥០ដុល្លានោះទេ។

គោលការណ៍ទី២
បើទោះជាមានគំរោងបុរីជាច្រើន មិនតម្រូវឱ្យមានបង់ប្រាក់ដំបូងក៏ដោយ អ្នកគួរសន្សំប្រាក់ឱ្យបាន៣០ភាគរយនៃតម្លៃផ្ទះ ជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។

ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់អោយបានយ៉ាងតិច១៨.០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយអោយអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ក្នុងកំរិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារ ដែលជាទូទៅមានអត្រាការប្រាក់ទាប ជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារ បានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

គោលការណ៍ទី៣
តម្លៃផ្ទះដែលអ្នកទិញសំរាប់នៅ មិនគួរមានតម្លៃលើសពី៣ដង នៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល១៨,០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅ មិនគួរមានតម្លៃលើសពី៥៤,០០០ដុល្លានោះទេ (របៀបគណនា៖ ១៨០០០ដុល្លា គុណនឹង៣)។

ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថា អ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើ ដើម្បីកុំឱ្យមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃ ដើម្បីបានជាបទពិសោធន៍។

ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យ ជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគ ដើម្បីទទួលបានជាប្រាក់ចំណេ ញសិនមុននឹងសំរេចចិត្តទិញផ្ទះនៅ។ ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ។

អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាន នៅដោយមិនចំណាយពេលច្រើនដែរ ប្រសិ​នបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here