ដោយៈ សិរី ជេស៊ីកា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការដាក់របាំងភួតត្តគាមអនាម័យលើផលិតផល ដែលផលិតនៅកម្ពុជា វាជាមេរៀនដ៏ល្អសម្រាប់អ្នកផលិតនៅកម្ពុជា ដើម្បីធ្វើការផលិតទំនិញស្តង់ដាដែលអាចនាំចេញបាន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមនាព្រលប់ថ្ងៃទី២១កញ្ញានេះថា ពាក់ព័ន្ឋនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលនឹងចុះហត្ថលេខានៅខែតុលាខាងមុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងមហាមិត្តចិន ដែលរដ្ឋសភាបានអនុម័តកាលពីពេលថ្មីៗនេះ ជារឿងល្អបំផុត ដែលកម្ពុជាអាចត្រៀមខ្លួន ដើម្បីពង្រីកការនាំចេញរបស់ខ្លួន។
-->
លោកបន្តថា “បើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសនានា យើងមិនបានត្រៀមខ្លួននោះទេ។ ហេតុនេះបើយើងបានត្រៀមខ្លួន យើងនឹងអាចរកដៃគូសហការ ព្រោះកម្ពុជាខ្វះទាំងធនធានថវិកា ធនធានមនុស្ស និងបច្ចេកទេស”។ លោកបន្តថា “បញ្ហាភូត្តគាម អនាម័យខ្ញុំគិតថា វាមិនមែនជាបញ្ហាប្រឈមទេ តែវាជាមេរៀនដ៏ល្អ និងជាការទទួលយកដ៏ល្អ ដើម្បីឲ្យមុខទំនិញកម្ពុជា អាចងើបមុខកាន់តែច្រើននៅលើទីផ្សារអន្តរជាតិកាន់តែច្រើននាពេលអនាគត។
លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា បើសិនជាយើងមិនអាចធ្វើឲ្យបានល្អនូវភូត្តគាមអនាម័យ និងគុណភាព ដើម្បីនាំចេញបានទៅកាន់ប្រទេសចិន កូរ៉េ និងប្រទេសផ្សេងៗនោះ ទំនិញកម្ពុជានឹងបាត់មុខលើទីផ្សារអន្តរជាតិ។ ដូច្នេះការរឹតបន្តឹងនេះជាមេរៀនដ៏ល្អមួយ ដែលបង្រៀនដល់អ្នកផលិតនៅស្រុកខ្មែរ ក៏ដូចជាការនាំចេញរបស់ខ្មែរ នឹងធានាបាននូវគុណភាព អនាម័យ និងភូត្តគាមអនាម័យ ហើយនៅពេលយើងធ្វើបានបែបនេះ មិនត្រឹមតែយើងអាចនាំចេញទៅកាន់ប្រទេសចិន កួរ៉េប៉ុណ្ណោះទេ តែយើងអាចនាំចេញទៅកាន់បណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។
លោកបន្តថា “បើយើងធ្វើភូត្តគាមអនាម័យបានល្អ មុខទំនិញកម្ពុជានឹងងើបមុខលើឆាកអន្តរជាតិ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ការធ្វើបាននូវភូត្តគាមអនាម័យ ជារឿងល្អ ដែលយើងគួរតែសប្បាយចិត្ត ដែលយើងអាចផលិតទំនិញបាន ដោយគោរពបានតាមស្តង់ដាភូត្តគាមអនាម័យ ដែលមានស្តង់ដាត្រឹមត្រូវ វាក៏ជួយដល់ទីផ្សារក្នុងស្រុកយើងផងដែរ ដែលកូនចៅរបស់យើង អាចទទួលបានទំនិញមានអនាម័យល្អ ហើយនៅពេលកម្ពុជាមានទំនិញគ្រប់ស្តង់ដានាំចេញ យើងក៏អាចមានស្តង់ដាក្នុងស្រុក ដែលធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយ បាននូវការចំណាយលើការព្យាបាលជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារដែលគ្មានអនាម័យ។
បញ្ហាភូត្តគាមអនាម័យ បាននិងកំពុងក្លាយជារបាំងដ៏ធំមួយ លើមុខទំនិញកម្ពុជា ក្នុងការនាំចេញ ទៅកាន់បណ្តាប្រទេសជាដៃគូ ពិសេសប្រទេសដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កម្ពុជាមិនអាចនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន ដោយសារបញ្ហាភូត្តគាមអនាម័យ ខណៈផល្លានុផលកម្ពុជាបាននាំចេញរួចហើយដូចជា ស្វាយ ចេកអំបូងលឿងជាដើម ត្រូវបាននាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីអ្នកផលិតបានសម្រិតសម្រាំង និងគោរពបានតាមស្តង់ដាភូត្តគាមអនាម័យ៕