សិក្សាលើនិតិវិធីទាំង៥ ពីការចុះបញ្ជីរដាច់ដោយដុំ និងត្រូវធ្វើដូចម្តេច?

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការចុះបញ្ជីរដីធ្លី ត្រូវធ្វើឡើងតាមទម្រង់ផ្សេងៗគ្នា ប៉ុន្តែថ្ងៃនេះយើងសូមលើកយកចំណេះដឹងពីនិតិវិធីចុះបញ្ជីរដីធ្លីដាច់ដោយដុំ ដែលត្រូវសិក្សាលើជំហ៊ានទាំង៥នេះ។

ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី៥ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖

១. ការដាក់ពាក្យស្នើសុំ
ដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដី ជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។

២. ការវាស់វែងដី
បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួម ពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបាន ប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។

ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។

៣. ការផ្សព្វផ្សាយជាសាធារណៈ
បន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។

៤. ការវិនិច្ឆ័យ និងសម្រេច
ប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដី ទៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍ សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។

៥. ការប្រគល់ប័ណ្ណ
នេះជាដំណាក់កាលចុងក្រោយ នៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ​។ អជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយដែលបានកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here