ដោយៈសុខុម
អាមេរិក: ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង SK Innovation ដែលជាដៃគូសហការរបស់ខ្លួន គ្រោងបោះទុនវិនិយោគរហូតដល់ទៅ១១,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ កញ្ញា នេះឱ្យដឹងថា ការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី F-150 ចំនួន១ និងរោងចក្រផលិតអាគុយចំនួន៣ នៅសហរដ្ឋអាមេរិក ជាមួយនឹងគោលបំណងពន្លឿន ផែនការរបស់របស់ក្រុមហ៊ុន Ford ងាកទៅរកការផលិតរថយន្តអគ្គិសនី។
ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៧ កញ្ញា ថា ពេលនេះខ្លួនរំពឹងថានឹងផលិតរថយន្តអគ្គិសនី ឱ្យបានចន្លោះពី៤០% ទៅ៥០%នៃការផលិតរថយន្តសរុបរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងការព្យាករលើកមុនរបស់ខ្លួនត្រឹម៤០%។
ក្រុមហ៊ុន Ford និយាយថា ក្រុមហ៊ុនទាំង២នេះ មានបំណងបង្កើតការងារថ្មីៗឱ្យបានជិត១១.០០០កន្លែង តាមរយៈការបើកដំណើរការរោងចក្រដំឡើង និងរោងចក្រផលិតអាគុយរបស់ខ្លួន ដែលជាផ្នែកមួយនៃផែនការ ប្រកាសកាលពីពេលមុនដែលថា ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង៣០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ លើការផលិតរថយន្តអគ្គិសនី។
បើអ្វីៗដំណើរការរលូនតាមការគ្រោងទុក រោងចក្រទាំងនេះនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខ។
ការវិនិយោគដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះគឺជាការវិនិយោគក្នុងមួយលើកធំបំផុត លើផ្នែកផលិតកម្មនៅក្នុងប្រវត្តិសាស្ត្រ១១៨ឆ្នាំ របស់ក្រុមហ៊ុន Ford៕ Reuters៕