ដោយៈសុជាតា
ហាណូយៈ បើយោងតាមរបាយការណ៍របស់ក្រសួងផែនការនិង វិនិយោគប្រទេសវៀតណាមបានបង្ហាញអោយដឹងថា ការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសវៀតណាមបានកើនឡើង៥៧២ លានដុល្លារនៅរយៈពេលប្រាំបួនខែ ឆ្នាំ ២០២១។
ទំហំទុនវិនិយោគនេះ បានកើនឡើង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។ នៅក្នុងនោះដែរទំហំវិនិយោគប្រមាណ១៥០លានដុល្លារ ស្មើនឹង៥៦ភាគរយនៅក្នុងគម្រោងវិនិយោគថ្មី និងទំហំវិនិយោគប្រមាណ៤២២លានដុល្លារ ទៅកាន់គម្រោងវិនិយោគដែលមានស្រាប់ ពោលគឺកើនឡើង២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនូវវិនិយោគ បានផ្តល់គម្រោងទឹកប្រាក់ប្រមាណ៣០០លានដុល្លារដែលក្រុមហ៊ុនVingroup បង្កើនវិនិយោគនៅសហរដ្ឋអាមេរិក ទឹកប្រាក់ប្រមាណ៧៦ លានដុល្លារទៅកាន់ គម្រោងអភិវឌ្ឍវិនិយោគកៅស៊ូឥណ្ឌូចិន នៅក្នុងប្រទេសកម្ពុជា និង ទឹកប្រាក់ប្រមាណ៣២លាន គឺគម្រោង Vinfast នៅក្នុងប្រទេសអាល្លឺម៉ង់។ អ្នកវិនិយោគវៀតណាមបានវិនិយោគប្រមាណ១៣ផ្នែកធំៗដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា អ្នកលក់រាយ និងដុំ កសិកម្ម នេសាទ និង សេវាកម្មគាំទ្រផងដែរ។
នៅក្នុងចំណោមនោះ ប្រទេសសហរដ្ឋអាមេរិក គឺប្រទេសដែលទទួលការវិនិយោគទុនពីសំណាក់ប្រទេសវៀតណាមច្រើនជាងគេ ដែលមានតម្លៃប្រមាណ៣០២លានដុល្លារ ដែលកាន់កាប់ចំណែក៥២.៩ភាគរយ។
ប្រទេសកម្ពុជាបានឈរនៅលំដាប់លេខពីរ ដែលមានទំហំវិនិយោគសរុបប្រមាណជិត៩០លានដុល្លារ បន្ទាប់មកប្រទេសឡាវ និងប្រទេសកាណាដា ឈរនៅលំដាប់លេខ បី និង លេខបួនផងដែរ។
គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២១នេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគសរុបប្រមាណ១, ៤២៩ គម្រោងជាមួយនឹងដើមទុនប្រមាណ២១. ៨ ពាន់លានដុល្លារនៅបរទេស៕