ដោយៈគង់ សូរិយា
កោះកុងៈ ខេត្តកោះកុងនៅតែបន្តទាក់ទាញ ការវិនិយោគលើរមណីយដ្ឋានអេកូទេសចរណ៍ ដោយគំរោងវិនិយោគតូចៗជាច្រើនបាន និងកំពុងចាប់ផ្តើមសិក្សា និងគំរោងមួយចំនួនកំពុងចាប់ផ្តើមសកម្មភាពសាងសង់។
លោកសុខ សុទ្ឋីអភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ កញ្ញានេះថា គំរោងវិនិយោគចំនួន១០បាននិងកំពុងចាប់ផ្តើម នៅក្នុងខេត្តនេះ ដោយបច្ចុប្បន្នគំរោងនេះ មួយចំនួនបានចាប់ផ្តើមសាងសង់ និងមួយចំនួនទៀតកំពុងសិក្សា ព្រោះស្ថិតក្នុងគម្របព្រៃឈើ ដែលទាមទារមានការអនុញ្ញាត្តពីក្រសួងបរិស្ថាន។
លោកបន្តថា “គំរោងទាំងនោះមាននៅស្រុកថ្មបាំង បុទុមសាគរ ស្រុកស្រែអំបិល និងមួយចំនួនទៀតស្ថិតនៅតំបន់ត្រពាំងរូង ក្នុងស្រុកកោះកុង”។លោកបន្តថា “ទោះជាយ៉ាងណាវាជាគំរោងតូចៗ ដែលមានផ្ទៃដីក្រោម១០ហិកតា ប៉ុន្តែគំរោងធំៗគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអ្នកអនុម័ត”។
ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តកោះកុងបានធូរស្រាលមួយចំនួន ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តបង្កើនការប្រុងប្រយ័ត្ន ពិសេសមេរោគDelta។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុង ជាខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ច្រើន ដែលបច្ចុប្បន្ននេះ យើងមិនទាន់ទាញយកមកប្រើប្រាស់អស់ នូវសក្តានុពលធនធានធម្មជាតិទាំងនោះនៅឡើយ។
លោកស្រីបន្តថា “ខេត្តកោះកុងមានសម្បត្តិធម្មជាតិដ៏ល្អឯក ដែលបណ្តាខេត្តដទៃទៀតមិនមានឡើយ ហេតុនេះបើយើងទាក់ទាញនិងប្រើប្រាស់អស់សក្តានុពល វានឹងជួយបង្កើនភាពទាក់ទាញទេសចរណ៍យ៉ាងខ្លាំង”។
ឆ្នេរសមុទ្រនៅខេត្តកោះកុងមួយចំនួន ធ្លាប់បានចាត់ចំណាត់ថ្នាក់ដោយស្ថានីយ៍ទូរទស្សន៍CNN ជាឆ្នេរសមុទ្រស្អាតជាងគេទាំង១០នៅលើពិភពលោក៕