រដ្ឋាភិបាលមានផែនការសម្ភោធវិមានពហុកីឡដ្ឋានមរតកតេជោនៅចុងខែវិច្ឆិកានេះ

0

        ដោយៈ សិរី ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណកម្មាធិការអូឡាំពិកកម្ពុជា បានលើកលើកឡើងថា រដ្ឋាភិបាលគ្រោង បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានពហុកីឡដ្ឋានមរតកតេជោ នៅចុងខែវិច្ឆិកានេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោកថោង ខុនប្រធានគណកម្មាធិការអូរឡាំពិកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីផែនការនេះ។

លោកបានពិភាក្សាអំពីផែនការ នៃការរៀបចំសម្ភោធជាផ្លូវការនៃកីឡដ្ឋាននេះឱ្យមានភាពអធឹកអធម និងអស្ចារ្យបំផុត ឱ្យសមទៅនឹងគុណតម្លៃនៃសមិទ្ធិផលជាប្រវត្តិ​សាស្រ្តនេះ ក៏ដូចជាបង្ហាញនូវចំណងមិត្តភាពដែកថែប នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

បើតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំនោះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ កំពុងស្ថិតក្នុងដំណាក់កាលសំណើរសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ត្បិតពិធីនេះក៏នឹងមានការប្រកួតជាលក្ខណៈមិត្តភាពនៃប្រភេទកីឡាណាមួយ រវាងកម្ពុជា និងចិនសម្រាប់ជាសក្ខីភាពផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធពិធីប្រគល់ទទួលកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង យី ទិប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស បន្ទាប់ពីសំណង់ដ៏ប្រណិតនេះបានបញ្ចប់ការសាងសង់់ជាផ្លូវការ ក្នុងតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងនៃរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here